ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាក្នុងខេត្តកំពង់ធំ


ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រតូច មធ្យម ធំ ប្រមាណ ២១៥ ប្រព័ន្ធ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាប្រមាណ ១២០.០០០ ហិកតា និងស្រូវប្រាំង ៣០.០០០ ហិកតា នៅក្នុងខេត្តកំពង់ធំ ត្រូវបានសាងសង់ និងជួសជុល-ស្តារឡើងវិញជាបន្តបន្ទាប់ ។ ទាំងនេះគឺជាផ្លែផ្កានៃគោលនយោបាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ ១៩៨៧ ។ សមិទ្ធផលទាំងនេះ បើទោះបីជាមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងផ្ទៃដីបង្កបង្កើនផលនៅក្នុងខេត្ត ដែលមានប្រមាណជាង ២២ ម៉ឺនហិកតា ប៉ុន្តែវាបានរួមចំណែកយ៉ាងធំក្នុងការផ្តល់ទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ។ បច្ចុប្បន្ន បើទោះបីរាជរដ្ឋាភិបាល បានកំណត់ថាការអភិវឌ្ឍធនធានមនុស្សគឺជាវិស័យចំបង ប៉ុន្តែ “ទឹក” ក៏នៅតែជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពទាំង ៤ ។ តាមរយៈគោលនយោបាយនេះ ប្រព័ន្ធស្រោចស្រពខ្នាតធំជាច្រើន បាន និងកំពុងដំណើការសាងសង់ ក្នុងនោះរួមមានទាំងប្រព័ន្ធខ្នាតធំនៅក្នុងខេត្តកំពង់ធំផងដែរ ដូចជា ប្រព័ន្ធស្រោចស្រពស្ទឺងតាំងក្រសាំង ប្រព័ន្ធស្រោចស្រពស្ទឺងស្ទោង ប្រព័ន្ធស្រោចស្រពស្ទឹងជីនិត ប្រព័ន្ធស្រោចស្រព ៣០កញ្ញា ។ បន្ថែមលើនេះ ក្រុមអ្នកបច្ចេកទេស ក៏បាន និងកំពុងធ្វើការសិក្សាលើគម្រោងថ្មីៗទៀត ដូចជា ប្រព័ន្ធស្ទឹងសែន ទំនប់ដងកាំបិត ទំនប់រក្សា ទំនប់គគីក្នុងគោលដៅទាញទឹកមកស្តុកទុកឱ្យបានលើសពី ២ពាន់លានម៉ែត្រគូប សម្រាប់បម្រើដល់ការបង្កបង្កើនផលទាំងប្រាំង និងវស្សា របស់បងប្អូនប្រជាកសិករ ។ ដូចគ្នានឹងបណ្តាខេត្តដ៏ទៃទៀតដែរ ប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តកំពង់ធំ មិនត្រឹមតែបម្រើឱ្យការស្រោចស្រព និងទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធទាំងនោះ ក៏ជារមណីយដ្ឋានទេសចរធម្មជាតិដ៏ស្រស់ត្រកាលផងដែរ ៕