ឯកឧត្តមបណ្ឌិត គុណ ញឹម នាំយកអំណោយសម្ភារៈ និងបរិក្ខារមួយចំនួន សម្រាប់ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ចែកជូនសាលា និងអង្គភាពមួយចំនួននៅស្រុកកៀនស្វាយ


 នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គុណ ញឹម អនុប្រធានទី១គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកៀនស្វាយ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទមួយចំនួន ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង៨ នៃស្រុកកៀនស្វាយ បាននាំយកអំណោយជាសម្ភារៈ និងបរិក្ខារមួយចំនួន សម្រាប់ចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬកូវីដ១៩។

អំណោយទាំងនេះត្រូវបានចែកជូនដល់ គណៈកម្មាធិការគណបក្សស្រុកកៀនស្វាយ គណបក្សឃុំទាំង៨, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាពតាមឃុំទាំង៨, វិទ្យាល័យទាំង៣ និងអនុវិទ្យាល័យទាំង៥ កងកម្លាំងប្រដាប់អាវុធ (នគរបាល និងកងរាជអាវុធហត្ថ) នៃស្រុកកៀនស្វាយ។ អំណោយដែលបាននាំយកមកចែកជូននេះមាន អាល់កុលចំនួន ៤០ កាន (ស្មើនឹង ១២០០ លីត្រ), ម៉ាស់ ១៩,៥០០បន្ទះ, ប្រដាប់វាស់សីតុណ្ហភាព ១៣ គ្រឿង, សម្លៀកបំពាក់ពេទ្យការពារមេរោគ ៥០កំប្លេ និងស្រោមដៃ៥០គូ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គុណ ញឹម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បានលទ្ធផលល្អប្រសើrដោយទប់ស្កាត់បានការរាលដាលឆ្លងក្នុង សហគមន៍ ព្រមទាំងបានព្យាបាលអ្នកដែលបានឆ្លងជំងឺនេះឲ្យជាសះស្បើយស្ទើរតែទាំងអស់។ ក៏ប៉ុន្តែពិភពលោកទាំងមូលក៏ដូចជាតំបន់របស់យើងនេះការរីករាលដាលឆ្លងជំងឺនេះនៅមានអត្រាខ្ពស់នៅឡើយ។ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវរាល់ការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ អំណោយដែលក្រុមការងារថ្នាក់កណ្ដាលនាំយកមកចែកជូននាពេលនេះ គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់គ្រប់អង្គភាពនៃស្រុកកៀនស្វាយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

គួរបញ្ជាក់ថា កន្លងមក ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំនៃស្រុកកៀនស្វាយក៏បាននាំយកអំណោយស្រដៀងគ្នានេះដែរមកចែកជូនមូលដ្ឋានឃុំទាំង ៨នៃស្រុកកៀនស្វាយ៕