ឯកឧត្តម ប៊ូ ឡាំ និងលោកជំទាវ បានចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១គ្រួសារ


ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ព្រមទាំងលោកជំទាវ និងមន្ត្រីរាជការមួយចំនួន បានចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១គ្រួសារ បណ្តាលអោយស្លាប់កូន២នាក់ ស្ថិតភូមិអូរជុំ ឃុំអូរជុំ ក្នុងស្រុកអូរជុំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

ការចុះសួរសុខទុក្ខ និងផ្តល់អំណោយខាងលើ ធ្វើឡើងកាលពីកាលរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

ក្នុងនាម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ឯកឧត្តម
ប៊ូ ឡាំ បានសម្តែងការចូលរួមសោកស្តាយ និងសមានចិត្តដ៏ក្រៀមក្រំរំលែកទុក្ខជាមួយគ្រូសាររងគ្រោះដោយគ្រោះមហន្តរាយភ្លើងឆេះបានបំផ្លាញទ្រព្យសម្បត្តិគ្មានសល់ហើយអ្វីដែលរន្ធត់ចិត្តកូនប្រុស-ស្រីជាទីស្រលាញ់បានបាត់បង់អាយុជីវិតក្នុងគ្រោះភ័យដ៏កំណាចនេះគួរអោយអាសូរពន់ពេក។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ប៊ូ ឡាំ បានផ្តល់ជូននូវអំណោយសប្បុរសធម៌រួមមាន ៖ អង្ករ៥០គីឡូក្រាម មី១កេសធំ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ ១យួរ សម្ភារៈប្រេីប្រាស់មួយចំនួន​ និងថវិកាចំនួន២០០.០០០រៀល។