អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន


នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលស្វាគមន៍ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ( Blue Sky Rescue Organization-BSR)ក្រោមកិច្ចសហការពី វេទិកាសម័្ពន្ធសង្គមស៊ីវិល (វ.ស.ស) បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅខេត្តព្រះសីហនុ។

សូមជម្រាបថាក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការពី វេទិកាសម័្ពន្ធសង្គមស៊ីវិល (វ.ស.ស) និងមន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះបាញ់ថ្នាំនៅក្រុងព្រះសីហនុ ចំនួន ៤ទីតាំង ក្នុងនោះមាន មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សាលាខេត្តព្រះសីហនុ សណ្ឋាគារមួយកន្លែងដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ និងក្នុងបរិវេណផ្សារលើ ក្រុងព្រះសីហនុ មានអ្នកចូលរួមដូចជា ក្រុមអ្នកជំនាញស្ម័គ្រចិត្តចិន ១៧នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ៣០នាក់ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ២៥នាក់ ព្រមទាំងរៀបចំបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការីករាលដាល នៃជំងឺកូវីដ១៩ នៅតាមសហគមន៍គោលដៅផងដែរ ។

តាមការណែនាំរបស់ក្រុមស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិនបានឱ្យដឹងថា ការចុះចាញ់ថ្នាំនាពេលនេះនៅតាមទីតាំងមួយចំនួន គឺត្រូវប្រើប្រាស់ថ្នាំ ដោយក្នុងទឹក ១៦លីត្រ ត្រូវប្រើប្រាស់ថ្នាំ ៨គ្រាប់ សម្រាប់លាយបាញ់កន្លែងដែលមានជំងឺកូវីដ១៩ ដោយឡែកនៅតាមទីសាធារណ: ឬកន្លែងធ្វើការគឺក្នុងទឹក ១៦លីត្រ ត្រូវដាក់ថ្នាំ ៤គ្រាប់ ។ ក្នុងការបាញ់នៅតាមបន្ទប់ធ្វើការនីមួយៗ ត្រូវឱ្យបុគ្គលិកចាកចេញជាមុនសិន ក្រោយបាញ់រួចទុករយ:ពេលពី ២០ទៅ ៣០នាទី ទើបអាចចូលបំរើការងារវិញ ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៌ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន ដែលបានមកជួយបាញ់ថ្នាំសម្លាប់មេរោគ និងបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ក៍ដូចជានៅតាមបណ្តារាជធានី ខេត្តផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមលក្ខណ:បច្ចេកទេសវេជ្ជសាស្ត្រ ៕