ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៩


នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាមានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ជូនដល់សិក្ខាកាមដែលជាមន្រ្តីរបស់គណបក្សមកពីគណបក្សក្រសួង ស្ថាប័ន គណបក្សរាជធានី ខេត្ត និងអង្គការយុវជនគណបក្សមានចំនួនសរុប៨២រូប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ បានលើកឡើងថា ការអប់រំនយោបាយដល់មន្រ្តីគណបក្ស និងយុវជនគណបក្ស ជាការងារដ៏មានសារៈសំខាន់មួយ ក្នុងការកសាង និងពង្រឹងគណបក្សនៅគ្រប់ដំណាក់កាល ជាពិសេសសម្រាប់បរិបទថ្មី ការងារនេះកាន់តែមានតួនាទីសំខាន់ចាំបាច់ថែមទៀត ដើម្បីធានាជោគជ័យរបស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែង ។ សម្តេចបានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្សគឺជាគោលការណ៍ចម្បងដែលគណបក្សតែងតែប្រកាន់យកតាំងពីដើមរៀងមក។ គណបក្សតែងតែយកសាលានយោបាយ វគ្គអប់រំនយបាយ សន្និបាត មហាសន្និបាត អង្គប្រជុំនានារបស់គណបក្សធ្វើជាកន្លែង ដើម្បីពង្រឹងគោលជំហររបស់មន្រ្តីគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈនេះ គណបក្សបានសម្លៀងនូវឆន្ទៈមុតស្រួចរបស់មន្រ្តីគណបក្ស ដើម្បីឲ្យមន្រ្តីគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងបំពេញភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។ សម្តេចបានបញ្ជាក់បន្ថែមថា អាស្រ័យដោយបានបំពាក់នូវអាវុធដ៏មុតស្រួច និងភ្លឺថ្លានេះហើយ បានជាកម្មាភិបាល យុទ្ធជន យុទ្ធនារីនិងប្រជាជនយើងគ្រប់ជំនាន់កន្លងមក សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្រ្ត មានជាអាទិ៍ ការតស៊ូ រំដោះជាតិ ការតស៊ូសង្រ្គោះជាតិ ការកសាងអភិវឌ្ឍប្រទេសជាតិ និងការការពារប្រទេសជាតិឲ្យមានភាពរឹងមាំ និងរីកចម្រើនដូចសព្វថ្ងៃនេះ។ ការបំពាក់នូវអាវុធនយោបាយ សតិអារម្មណ៍ និងចាត់តាំងជូនដល់មន្រ្តីគណបក្សយើងត្រូវបានធ្វើឡើងសមស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ ក៏ដូចជាសភាពការណ៍ជាក់ស្តែងរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ននេះ។ ចំណេះដឹងដែលយើងទទួលបានពីវគ្គសិក្សានេះនឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់យកទៅចាត់តាំងអនុវត្តឲ្យត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្សដែលបានប្រែជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ សម្តេចក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ប្រើប្រាស់នូវចំណេះដឹងទាំងអស់នេះ ក្នុងការជួយដល់ក្រុមការងារ ជួយដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ពិសេស ជួយដល់គណៈកម្មាធិការគណបក្សមូលដ្ឋាន និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឲ្យបេក្ខជនរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងដំណើរការធ្វើសកម្មភាពក្នុងការបោះឆ្នោតទាំងមូល ក្នុងគោលដៅឆ្ពោះទៅកាន់ជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។