វគ្គបណ្តុះបណ្តាលស្តីពី  ការធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន(Pilot IT Audit) ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបង្រៀនដោយគ្រូឧទ្ទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈវីដេអូពីចម្ងាយ(Videoconference)


ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន (Pilot IT Audit) ជូនដល់សវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបង្រៀនដោយគ្រូឧទ្ទេសមកពីក្រុមការងារ IT Audit របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈវីដេអូពីចម្ងាយ(Videoconference) ដោយមានការចូលរួមពីប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តី នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងផងដែរ។

វគ្គបណ្តុះបណ្តាលនេះផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្រ្តីសវនករផ្ទៃក្នុង ក្នុងការចុះធ្វើសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់នៅតាមនាយកដ្ឋាន និងអង្គភាពជំនាញនានាក្រោមឳវាទក្រសួង។

ជាក់ស្តែង វគ្គបណ្តុះបណ្តាលនេះគ្រោងធ្វើចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩ ទើបការបណ្តុះបណ្តាលនេះត្រូវលើកយកធ្វើនៅថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២០។ ដោយហេតុនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំការបណ្តុះបណ្តាលតាមវីដេអូពីចម្ងាយ (Videoconference) ដើម្បីអនុវត្តតាមការណែនាំរក្សាគម្លាត និងការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។

ការបណ្តុះបណ្តាលនេះនឹងធ្វើឡើងក្នុងរយៈពេល០២ថ្ងៃ ដោយរំពឹងថាមន្ត្រីសវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើន សម្រាប់យកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ៕