មន្ទីរការងារខេត្តមណ្ឌលគិរី ចុះអប់រំផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដល់កម្មករដែលកំពុងធ្វើការ និងកន្លែងស្នាក់នៅជាង ១០០ខ្នងផ្ទះ ស្ថិតក្រុមហ៊ុនដាក់ឡាក់ មណ្ឌលគិរី ក្នុងស្រុកពេជ្រាដា


មណ្ឌលគិរី៖ ដើម្បីឱ្យកម្មករនិយោជិតទាំងអស់ មានការយល់ដឹង និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីត១៩ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្មករដែលកំពុងធ្វើការនៅកន្លែងផ្ទាល់ និងកន្លែងស្នាក់នៅជាង ១០០ខ្នងផ្ទះ និងបានអប់រំផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការប្រារព្វខួបអនុស្សាវរីយ៍លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ សន្តិភាព និងការងារសមរម្យ នៅក្រុមហ៊ុនដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅភូមិឡាមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ឋសភាភូមិភាគ៨ និងឯកឧត្តម លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក្នុងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាកន្លងមកនេះ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារដោយសន្តិវិធី ដើម្បីបង្កើតឡើងនូវភាពយោគយល់ ក្នុងទំនាក់ទំនងវិជ្ជាជីវៈរវាងភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តម លី សាមិ បន្ថែមថា សម្រាប់ឆ្នាំ២០២០នេះ ដោយសារប្រទេសជាតិ កំពុងប្រឈមបញ្ហាការរាតត្បាតនៃមេរោគកូវីដ-១៩ មិនអាចប្រារព្វទិវាពលកម្ម ១ ឧសភា ដោយមានការប្រមូលផ្តុំច្រើននោះទេ ដូច្នេះ ក៏សូមឱ្យកម្មករទាំងអស់ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ដោយសារបរិបទប្រទេសជាតិកំពុងប្រឈមបញ្ហាការរាតត្បាតនៃមេរោគកូវីដ-១៩ ឆ្នាំ២០២០នេះ យើងមិនអាចប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយមានការប្រមូលផ្តុំកម្មករនិយោជិត និយោគជក តាមក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានាច្រើនដូចឆ្នាំមុនៗនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងបានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កម្មករដែលកំពុងធ្វើការនៅកន្លែងផ្ទាល់ និងកន្លែងស្នាក់នៅជាង ១០០ខ្នងផ្ទះ ដោយរក្សាបាននូវគំលាតសុវត្ថិភាពសង្គម ដើម្បីបង្ការការចម្លងមេរោគកូវីដ-១៩។  លោក ប្រធានមន្ទីរការងារ បានជម្រាបជូនដល់បងប្អូនកម្មករនិយោជិត អំពីស្ថានភាពមេរោគកូវីដ-១៩ នៅកម្ពុជា រយៈពេលចុងក្រោយនេះ ពុំមានការចម្លងថ្មីទៀតនោះទេ ដោយឡែក អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ២នាក់ប៉ុណ្ណោះ ក្នុងចំណោម ១២២ករណី។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏សូមអំពាវនាវដល់បងប្អូនកម្មករទាំងអស់ ត្រូវរក្សាអនាម័យ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ពីព្រោះថាភាគរយចម្លងនៅតែមានអត្រាខ្ពស់នៅឡើយ។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយនូវវិធានការ បង្ការ ទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដល់កម្មករដែលកំពុងធ្វើការនៅកន្លែងផ្ទាល់ និងកន្លែងស្នាក់នៅជាង ១០០ខ្នងផ្ទះ និងបានចែក អាវយឺត សាប៊ូ អាល់កុល ក្រមា និងម៉ាស់ការពារ ដល់កម្មករសរុបប្រមាណជា៣០០នាក់ផងដែរ៕