បទបង្ហាញស្តីពីលទ្ធភាពនៃការផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងអាជីវករជាម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម ក្នុងខេត្ត


តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត និង ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពនៃការផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងអាជីវករជាម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម ដោយមានការចូលរួម លោកអភិបាលក្រុង ស្រុក និងបងប្អូនប្រជាកសិករ សហគមន៍ ជាច្រើននាក់។

ឯកឧត្តម កៅ ថាច អគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ពីគោល បំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករ និងអាជីវករបានយល់ដឹង ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានការប្រាក់ទាប ក្នុងការជួយគំាទ្រដល់ប្រជាកសិករ និងអាជីវករឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងការប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុកប្រកបដោយនិរន្តរភាព សម្រាប់ជម្រុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីបរទេស។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ទាំងអស់ ត្រូវរៀបចំផែនការដាំដុះ និងការចិញ្ចឹមសត្វ ឱ្យបានច្បាស់លាស់ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ចូលទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ហើយមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក អភិបាលស្រុកទាំងអស់ត្រូវតែជួយផ្តល់ការគាំទ្រដល់ពួកគាត់ឱ្យបានដិតដល់៕