រដ្ឋបាលបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីមន្ទីរ អង្គភាពមួយចំនួន។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២នេះ មានរបៀបវារៈចំនួន ៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង ការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនះ គំនូសចរាចរណ៍  ភ្លើងចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ថ្មី បញ្ហាផ្លូវខ្នងភ្នំគូលែន បញ្ហាគីឡូកុងទ័រភ្លើងកើនទ្វេរដង។ ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ ចំពោះការអនុវត្តច្បាប់ចរាចរណ៍នាពេលបច្ចុប្បន្ន ព្រមទាំងបានមានការបកស្រាយបំភ្លឺ ពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែចំពោះកិច្ចការងាររដ្ឋបាល ក្នុងខេត្ត បានដំណើរការទៅដោយរលូន សំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជម្ងឺកូវិដ១៩ នៅតាម សហគមន៍ ដោយរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មានវិធានការខ្ពស់ ចំពោះបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។ ឯកឧត្តមបានសង្កត់ធ្ងន់ចំពោះមន្ទីរជំនាញពាក់ព័ន្ធ ដោយលើកឡើងថា នេះជាពេល ឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ សំខាន់គឺត្រូវធ្វើ ការរៀបចំផ្លូវ វិថីស៊ីវត្ថា និង ផ្លូវនានា ដែលជាសរសៃបេះដូងនៃក្រុងប្រវត្តិសាស្ត្រមួយនេះ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើ ការក្រើនរំលឹកផងដែរ ក្រោយពេលដែលជម្ងឺកូវិដ១៩ មានភាពធូស្រាល ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តខ្ពស់បន្តទៀត ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ។

ឯកឧត្តមបានសង្កត់ធ្ងន់ចំពោះ បញ្ហាការគូសគំនូស ចរាចរណ៍នៅតាមដងផ្លូវ និង ភ្លើងស្តុប ព្រមទាំងដាក់នូវស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់លក្ខណៈ មុន នឹងធ្វើការអនុវត្តច្បាប់ ដើមី្បជៀសវាងនូវការរឹះគុណពីមហាជនផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ចំពោះ មុខអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវវិស័យទេសចរណ៍ ជាសំខាន់ចំពោះទេសចរណ៍ក្នុងស្រុក ។

ឯកឧត្តម អ៉ឹង ហឿន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងបង្កា ព្យាបាលជម្ងឺកូវីដ១៩ ។  ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានកោតសរសើរចំពោះមន្ត្រីយើងដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រួងសុខាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានឲ្យថ្នាក់ដឹកនាំបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ជាពិសេសតំបន់ទីប្រជុំជន យើងត្រូវអប់រំណែនាំ កាត់បន្ថយកុំឲ្យមានការជួបជុំគ្នា ជៀសវាងការចម្លងជម្ងឺ សំខាន់កុំឲ្យមាននូវរលកទី២នៃជម្ងឺកូវិដ១៩ នៅតាមសហគមន៍  ។

ក្នុងនោះឯកឧត្តមក៏បានលើកផងដែរ ចំពោះការអនុវត្ត ចាប់ចរាចរណ៍ថ្មី ឲ្យព្រឹត្តិទៅប្រកប ដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់  ។ ក្នុងនោះដែរក៏មានធ្វើកិច្ចប្រជុំសម្ងាត់ ក្នុងការតម្លើងតួនាទីជូនមន្ត្រីរាជការផងដែរ ៕