ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការនី ៣២នាក់ មុនចេញទៅបំរើការងារជាធម្មតាវិញនៅរោងចក្រ បន្ទាប់ពីបានស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ


តាកែវ៖ នៅរសៀលព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ អាជ្ញាធរក្រុងដូនកែវ បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ កម្មការនី ៣២នាក់ មុនចេញទៅបំរើការងារនៅតាមរោងចក្រ បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្ត ដាក់ខ្លួនដាច់ដោយឡែករយះពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសណ្ឋាគារ 7Day ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរក្រុងដូនកែវ ដែលបានខិតខំយកចិត្តទុកដាក់ កំលាំងកាយចិត្តធ្វើការតាមដាននូវសុខភាព និងសុវត្ថិភាពរបស់បងប្អូនកម្មករ កម្មការនី បានស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយឡែក ១៤ថ្ងៃសិន ស្របតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនានា មុនចេញទៅបំរើការងារនៅរោងចក្រវិញ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានផ្ដាំផ្ញើ និងថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការនីទាំងអស់ បានរួមសហការណ៍ជាមួយអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃមេរោគកូវីដ១៩ កុំឲ្យមានឆ្លងនៅសហគមន៍ ដោយត្រូវដាក់ខ្លួនដាច់ដោយឡែក ដើម្បីធ្វើការតាមដានសុខភាពដោយយកចិត្តទុកដាក់ខ្ពស់ពីមន្រ្តីសុខាភិបាល មុនអនុញ្ញាតឲ្យចូលបំរើការងារនៅរោងចក្រជាធម្មតាវិញ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនត្រលប់ទៅដល់ផ្ទះ ឬកន្លែងធ្វើការហើយ ប្រសិនមានអាការសង្ស័យណាមួយត្រូវប្រញាប់មកមណ្ឌលសុខភាព ឬទំនាក់ទំនងសាកសួរព័ត៌មានលម្អិត ១១៥ ៕