អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ ការ​រៀបចំ​សណ្តាប់ធ្នាប់​ តាម​ដង​ផ្លូវ​ ទីប្រជុំជន​ ដើម្បី​រៀបចំ​ឲ្យ​មាន​សោភ័ណ្ឌភាព​


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ មន្ទីរ​ អង្គភាព​ ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចុះពិនិត្យ​ ការរៀបចំ​សណ្តាប់ធ្នាប់​ នៅតាម​បណ្ដោយ​ដងផ្លូវ​ជាតិ​លេខ​៦​ និង​ផ្លូវ​ជាតិ​លេខ​៧​ ត្រង់​ចំណុច​ទីប្រជុំជននានា ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ ព្រំប្រទល់ខេត្តកណ្ដាល​ ដេីម្បី​ធ្វើ​ការ​រៀបចំ​ឲ្យ​មាន​សោភ័ណ្ឌភាពត​ស្រស់​ស្អាត​ ផងដែរ​។

មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​​ បាន​ឲ្យដឹង​ថា​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ការ​លេីក​កម្ពស់ដល់​សោភ័ណ្ឌភាពនៅតាមដងផ្លូវ​សាធារណៈ​ ផងនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដាក់​ចេញ​នូវ​ផែនការ​​ ដល់​​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​​ដែនដី​និមួយៗ​ ដែល​នៅ​ស្រប​តាម​បណ្តោយ​ដង​ផ្លូវ​ជាតិ​លេខ​៦​ និង​ផ្លូវ​ជាតិ​លេខ​៧​ ចាប់​ពី​ចំណុច​ស្ពាន​គីហ្សូណា​ ព្រំប្រទល់​ ខេត្ត​ត្បូងឃ្មុំ​-ក្រុង​កំពង់ចាម​ រហូត​ដល់​ស្រុក​បាធាយ​ ជាប់​ព្រំប្រទល់​ខេត្តកណ្តាល​ ត្រូវ​​​រៀបចំ​សណ្តាប់ធ្នាប់នៅ​តាម​ដង​ផ្លូវ​ទាំង​២ខ្សែ​ខាងលេី​នេះ​ ធ្វើ​យ៉ាងណា​ត្រូវ​រៀបចំ​ឲ្យ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ទៀត​ផង​។

មន្ត្រី​រដ្ឋបាល​ បាន​បន្ត​ថា​ ដើម្បីអនុវត្តលើការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់នោះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​មាន​ការ​យកចិត្តទុកដាក់​សហការ​គ្នា​ ​រៀបចំ​ទាំង​ខ្សែ​បណ្ដាញ​អគ្គិសនី​ខ្វាត់ខ្វែង​ ផ្ទាំង​ស្លាក​សញ្ញា​​ប៉ាណូ​ឆ្លង​កាត់​ផ្លូវ​ថ្នល់​ និង​អ្នក​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​​នៅ​តាម​ទីសាធារណៈ​ទៀត​ផង​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬចូលទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម​ ផងដែរ​ ៕