ក្រសួងសុខាភិបាល៖ កម្ពុជាបានចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ដើម្បីទិញសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩


លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ដើម្បីទិញសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងមានថវិកា ចំនួន ៥,៩០០,០០០ដុល្លារ តម្កល់នៅក្នុងគណនីធនាគាររបស់ខ្លួន។

ការបញ្ជាក់បែបនេះ របស់លោកជំទាវ យក់ សម្បត្តិ បានធ្វើឡើងនៅក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញជាវិគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា» ក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

អ្នកនាំពាក្យស្រសួងសុខភិបាលរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយឡែកថវិកា បានពីសប្បុរសជន ដែលយើងទទួលជាងរៀងរាល់ថ្ងៃ នៅក្រសួងសុខាភិបាល មានសមតុល្យ គឺទទួលបានសរុបទាំងអស់ មានចំនួន ១៤លានដុល្លារ ហើយក្នុងនេះ យើងបានចំណាយ នៅក្នុងការទិញម៉ាស់ធម្មតា, ម៉ាស់ N95, ម៉ាស់ក្រណាត់, អាល់កុល សរុបទាំងអស់ជាង ៧លានដុល្លារ ហើយថវិកាដែលមាន នៅក្នុងសមតុល្យរបស់គណនី នៅក្នុងធនាគារ មានចំនួន ៥,៩០០,០០០ដុល្លារ ដែលយើងមាននៅក្នុងគណនី»

លោកជំទាវ បានឱ្យដឹងថា ចំពោះសម្ភារបរិក្ខា មានឃ្លាំងសម្រាប់ស្តកទុកសម្រាប់នានាមានចំនួន២ឃ្លាំង ហើយបច្ចុប្បន្ននេះ សម្ភារក្នុងឃ្លាំងយុទ្ធសាស្ត្រ សម្តេចតេជោ នៅផ្លូវជាតិ៦អា យើងបានគ្រប់គ្រងសម្ភារគ្រប់ចំនួនហើយ ក្នុងនោះមានម៉ាស់ធម្មតា មានចំនួន១៣,៥០០,០០០ម៉ាស់, ម៉ាស់ N95 ចំនួន ៦៨០,០០០ម៉ាស់, សម្លៀកបំពាក់ PPE ចំនួន ៥០០០សម្រាប់ និងសម្ភារមួង ភួយ កន្ទេល ចំនួន ៥០០០សម្រាប់ ទាំងអស់នេះ ជាសមតុល្យនៅក្នុងឃ្លាំង ជាសម្ភារត្រៀមបម្រុងសម្រាប់យុទ្ធសាស្ត្រផងដែរ។

លោកជំទាវ បានបន្តថា ដោយឡែកក្រសួងសុខាភិបាល មានឃ្លាំងសុខាភិបាល នៅតាមផ្លូវជាតិលេខ៣ គឺមានម៉ាស់ចំនួន ៣,៨០០,០០០ ម៉ាស់ សម្លៀកបំពាក់ PPE ប្រហែលជាង ១០ម៉ឺន សម្រាប់ ព្រមទាំងម៉ាស់ N95 ជាង ៣០,០០០ម៉ឺន ម៉ាស់ផងដែរ។ ទាំងនេះ គឺជាសម្ភារសំខាន់ៗ នៅក្នុងឃ្លាំងសុខាភិបាល ដែលជាសម្ភារជំនួយរបស់បណ្តាប្រទេសជាមិត្ត ព្រមទាំងសម្ភារនានា តាមរយៈជំនួយពីថវិកា ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា ថវិកាដែលក្រសួងបានទទួលពីសម្តេច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តាមរយៈការបរិច្ចាគប្រាក់បៀវត្ស រហូតមកដល់អីឡូវនេះ គឺបានទទួលចំនួន ៤១ស្ថាប័ន សរុបថវិកាប្រហែលជាតិ ១០លានដុល្លារ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមទៀតថា សម្រាប់សម្ភារ ដែលក្រសួងសុខាភិបាលមាន ត្រូវបានបែងចែកជារៀងរាល់ថ្ងៃ ទៅតាមអង្គភាព និងតាមច្រកទទួលពលករខ្មែរ ទូទាំង២៥ រាជធានី-ខេត្ត-ក្រុង។ ដូច្នេះ រាល់សម្ភារដែលក្រសួងសុខាភិបាល គឺធ្វើការបែងចែក មិនគីតថ្ងៃសៅរ៍ អាទិត្យនោះទេ ហើយការបែងចែកនូវសម្ភារទាំងអស់នេះ គឺតាមរយៈប្រព័ន្ធ Telegram ដែលមានភាពរហ័ស ដើម្បីបំពេញសេចក្តីត្រូវការនានាជាដើម៕