ក្រសួងផែនការ ស្នើដល់អភិបាលរាជធានី ខេត្ត ក្រុងទាំងអស់ ជួយសហការ និងតាមដានដំណើរការឱ្យបានជាប់ជាប្រចាំ ក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីត-១៩


(កែប)៖ថ្លែងឡើងដូចនេះក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីត-១៩ ដែលបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នាសាលាខេត្តកែប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីនប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរផែនការ និងមន្ត្រីជំនាញ ដែលនឹងត្រូវបណ្តុះបណ្តាលបន្ត និងចុះអនុវត្តផ្ទាល់តែម្តងដោយប្រើប្រាស់ Tablet មកពីមន្ទីរផែនការ ខេត្ត កែប, កំពត, ព្រះសីហនុ, កោះកុង, តាកែវ និងកណ្តាល ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ដោយសារពេលនេះ មានវត្តមានរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដូច្នេះខ្ញុំសូមស្នើ ឯកឧត្តម មេត្តាជួយសហការ និង តាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្មពីប្រជាជននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ ដូចយើងទទួលបានបទពិសោធន៍កន្លងមក ប្រជាជនខ្លះគាត់មិនចាប់អារម្មណ៍ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញគេនៅជិតក្នុងភូមិជាមួយគ្នាទទួលបានផលប្រយោជន៍ ពេលនោះចាប់ផ្តើមប្រតិកម្ម។ បើយើងទទួលបានលទ្ធផលល្អ និង មិនមានប្រតិកម្ម ជាពិសេសអន្តរាគមន៍ដែលបានផ្តល់ដល់អ្នកដែលកំពុងអត់ពិតប្រាកដនោះ គឺប្រជាជននឹងផ្តល់កិត្តិយស និង ការកោតសរសើរយ៉ាងពិតប្រាកដដល់អាជ្ញាធរមូលដ្ឋាន និង ខេត្តដែលអនុវត្តការងារប្រកបដោយតម្លាភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបន្តថា តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងផែនការបាននឹងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល (១) តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (២) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីសម្រេចបានលទ្ធផល ដូចបានជម្រាបជូន និង ពេលវេលាកំណត់ខាងលើ ពេលនេះ អគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ បានដំណើរការរៀបចំវគ្គបណ្តុះបណ្តាលនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ សម្រេចបានទាំងចំនួន៤តំបន់ ក្នុងចំណោម៤តំបន់(២៥រាជធានី ខេត្ត ក្រុង) ដែលនឹងគ្រោងបញ្ចប់នៅថ្ងៃស្អែកនេះនៃការបណ្តុះបណ្តាលកម្រិតថ្នាក់រាជធានី ខេត្ត និង បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវបណ្តុះបណ្តាលបន្តទៅថ្នាក់ស្រុក និង ចុះអនុវត្តផ្ទាល់តែម្តងដោយប្រើប្រាស់ Tablets។

មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានជ្រាបច្បាស់ហើយថា មកចូលរួមវគ្គបណ្តុះបណ្តាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីត-១៩ នេះ គឺត្រូវរៀន ដើម្បីទទួលបានចំណេះ និង យកទៅបង្រៀនបន្ត ដូច្នេះ ដើម្បីទទួលបានចំណេះដឹង គឺត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និង ត្រូវសួរនៅពេលមានចំណុចណាដែលមិន ច្បាស់ ឬតាមមិនទាន់ មិនត្រូវសំងំទេ ព្រោះយើងបានចំណាយទាំងពេលវេលា និង ថវិកាច្រើន ដើម្បីបណ្តុះបណ្តាល និង រង់ចាំលទ្ធផលទិន្នន័យបច្ចុប្បន្នភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប្រើសម្រាប់ផ្តល់អន្តរាគមន៍ ហើយប្រជាជនក្រីក្រ និង អ្នកដែលបានរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ក៏កំពុងទន្ទឹងរង់ចាំជំនួយឧបត្ថម្ភយ៉ាងអន្ទះសា។ ជាមួយនេះដែរ សម្រាប់គ្រូឧទ្ទេស ទោះបីយើងមិនមែនជាគ្រូអាជីព មានគរុកោសល្យក៏ដោយក៏យើងត្រូវយល់ពីកម្រិតនៃសិក្ខាកាម ដោយមិនត្រូវចេះតែសូត្រៗ និង បង្ហាញៗឱ្យគ្រប់ម៉ោងនោះទេ គឺត្រូវសួរបញ្ជាក់ថា ទាន់ ឬមិនទាន់ និង ត្រូវបញ្ជាក់ជូនឱ្យច្បាស់ៗដល់សិក្ខាកាម។