ឯកឧត្តមអភិបាលខេត្តកណ្ដាល ចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងខេត្ត


(កណ្ដាល)៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០  បញ្ហាប្រឈមនានារបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនទៀតរបស់មន្ទីរអង្គភាពជុំ វិញខេត្ត ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ធ្វើការសម្របសម្រួល និង ដោះស្រាយទូទាំងខេត្ត ដោយមានការចូលរួមផងដែរពី លោកអភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុកទាំង១១ និងមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យមន្ទីរដែលមិនទាន់បានផ្ដល់សេវាត្រូវផ្ដល់ឱ្យ អង្គភាពច្រកចេញ-ចូលតែមួយ ហើយមន្ទីរទាំងអស់ត្រូវឈប់ទទួលពាក្យស្នើសុំ ដោយទុកជូន អង្គភាពច្រកចេញ-ចូលតែមួយសម្រាប់ធ្វើការងារនេះ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្ដម អភិបាលខេត្ត បានស្នើឱ្យមន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគ ត្រូវធ្វើការបណ្ដុះ បណ្ដាលទៅលើមន្ត្រីជំនាញនៅតាមក្រុង ស្រុកទាំងអស់។ រីឯបញ្ហា ប្រឈមដែល បណ្ដាមន្ទីរជំនាញជុំវិញខេត្តបានលើកឡើងនោះ ឯកឧត្ដមអភិបាលខេត្ត បានឱ្យមន្ទីរសាមី ត្រូវធ្វើការដោះស្រាយ ហើយក្នុងករណីត្រូវការខេត្ត ឬអង្គភាពដទៃចូលរួម សូមរាយការណ៍ និងលើកជាសំណើមកខេត្ត ដើម្បីឱ្យខេត្តដោះស្រាយជូន។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាព ខ្វះខាត នៅក្នុងមូលដ្ឋាន ដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយ ចំនួនតាមលទ្ធភាពរបស់ខ្លួន៕