សម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាច្រើនទៀត ជាជំនួយរបស់ចិន នឹងដឹកមកដល់កម្ពុជា ក្នុងសប្តាហ៍នេះ


(ភ្នំពេញ)៖ សម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាច្រើនទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនប្រទេសកម្ពុជានោះ នឹងត្រូវដឹកមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់លើទំព័រ Facebook នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា សម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជាជាថ្មីនេះរួមមាន៖ សារធាតុតេស្តរកជំងឺវីរុសចំនួន ៥០,០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន ១៨,០០០កំផ្លេ វ៉ែនតាការពារចំនួន ៣០,០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០គ្រឿង។

ស្ថានទូតចិន បានបញ្ជាក់ថា សម្ភារៈទាំងនេះ នឹងត្រូវទទួលដោយក្រសួងសុខាភិបាល។ ទូតចិន បានអះអាងទៀតថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ដើម្បីផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងស្មារតីជាមិត្តភាព និងជួយគ្នាក្នុងគ្រាមានទុក្ខលំបាកនោះ រដ្ឋាភិបាលចិន កងទ័ព អង្គការសង្គមស៊ីវិល និងវិស័យឯកជនរបស់ចិនជាច្រើនទៀត បានចូលរួមផ្តល់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទាំងរដ្ឋាភិបាល កងទ័ព អង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន បានផ្តល់នូវសម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាច្រើនលើកមកហើយ។

ក្រៅពីផ្តល់សម្ភារសម្រាប់ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ហើយនោះ រដ្ឋាភិបាលចិន ក៏ធ្លាប់បានបញ្ជូនក្រុមគ្រូពេទ្យជំនាញចូលរួមសហការផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមគ្រូពេទ្យកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះផងដែរ៕