លោកជំទាវ ម៉ែន អញ្ជើញបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីលក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ក៏បានជំរុញឱ្យមន្ដ្រីអធិការកិច្ចបន្ដរកបាតុភាពអសកម្ម នៅតាមបណ្ដាក្រសួងស្ថាប័ន សហគ្រាសសាធារណៈ និងមន្ទីរ អង្គភាពដែលធ្វើឱ្យខ្ជះខ្ជាយថវិការដ្ឋ ដែល មានស្ថាប័នមួយចំនួនចំណាយថវិការដ្ឋមិនទាន់បានអនុវត្ដន៍ត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ដូចជាការធ្វើអាជីវកម្មខ្លះមិនបានបង់ចំណូលចូលថវិការដ្ឋ អាជីវកម្មភាស៊ីផ្សារជាច្រើន មិនបានអនុវត្ដន៍តាម កិច្ចសន្យា និងសៀវភៅបន្ទុក ការធ្វើអាជីវកម្មក្នុងវិស័យព្រៃឈើ នៅមានភាពអនាធិបតេយ្យ និងនៅមានការ រំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋដែលបញ្ហាទាំងអស់នេះបង្កជាទំនាស់ដ៏រ៉ាំរ៉ៃ។

លោកជំទាវឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយពីយើងបានចុះធ្វើ អធិការកិច្ច នៅតាមបណ្ដាស្ថាប័ន ក្រសួង មន្ទីរ អង្គភាពនានារួចមកឃើញថា តាមបណ្ដាស្ថាប័ននីមួយៗនោះ បានបង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងសកម្មភាពការងាររបស់ខ្លួន ស្របតាមឆន្ទៈរបស់ រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងអភិបាលកិច្ចល្អ ។

លោកជំទាវ បានបន្ដថា វឌ្ឍនភាពនៃការងារគ្រប់ផ្នែករបស់ក្រសួងពិតជាបានរួមចំណែកដ៏សំខាន់ក្នុង ការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ និង២០១៧នេះ ក្រសួងបានទទួលពាក្យបណ្ដឹង រឿងទំនាស់  ដីធ្លី រវាងដីរដ្ឋ និងក្រុមហ៊ុន ដីរដ្ឋជាមួយប្រជាពលរដ្ឋ បានចំនួន៧០បណ្ដឹង នៅអគ្គនាយកដ្ឋានអធិការកិច្ច  ចំនួន ២៩បណ្ដឹង និងនៅមន្ទីរអធិការកិច្ចរាជធានី-ខេត្តចំនួន៤១បណ្ដឹង ។ បើធៀបទៅនឹងបណ្ដាឆ្នាំកន្លងទៅ ឃើញថាមានការថយចុះនៃពាក្យបណ្ដឹង ។ រហូតមកដល់ពេលនេះ មន្ដ្រីជំនាញយើងបានចុះអង្កេតតាមដាន និងធ្វើការដោះស្រាយបានចំនួន ៣៤បណ្ដឹង នៅសល់៣៦ពាក្យបណ្ដឹងទៀតកំពុងពិនិត្យនិងចុះអង្កេតតាមដាន ធ្វើការដោះស្រាយជាបណ្ដើរៗ។