ពិធី​ប្រគល់​-ទទួល​ឧបករណ៍​បច្ចេកទេស និង​កុំព្យូទ័រ​បន្ទះ ដើម្បី​គាំទ្រ​ដល់​ការ​បង្រៀន-រៀន


រាជធានី​ភ្នំពេញ៖ កុំព្យូទ័រ​បន្ទះ​​ (Tablets) ដែល​​ឧបត្ថម្ភ​​ដោយ​មន្ទីរ​អប់រំ ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​ប្រគល់​ជូន​​​នាយកដ្ឋាន​ជំនាញ និង​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ ដើម្បី​គាំទ្រ​ដល់​ការ​បញ្ជ្រាប​បច្ចេកវិទ្យា​ព័ត៌មាន​ជំនួយ​ដល់​បង្រៀន-រៀន​​គ្រប់​មុខ​វិជ្ជា​ និង​គាំទ្រ​ដល់​ការ​អប់រំ​តាម​បែប​ឌីជីថល។ ​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​វត្តមាន​លោក​បណ្ឌិត Kim Sook Joon ប្រធាន​មន្ទីរ​អប់រំ​ទីក្រុង​ប៊ូសាន (តាម​រយៈ Video Conference) ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​ និង​គណៈ​គ្រប់គ្រង​សាលា​ជ័យ​លាភី​​ដែល​​ទទួល​បាន​កុំព្យូទ័រ​បន្ទះ។ ​

ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​​ភាគី​កូរ៉េ ​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ផ្ដល់​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​ឧបត្ថម្ភ​សម្ភារៈ​បច្ចេកវិទ្យា​ដល់​គ្រូ​បង្រៀន​កម្ពុជា ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ។ ជំនួយ​សម្ភារៈ​បច្ចេកវិទ្យា​ពិត​​ជា​មាន​សារសំខាន់​ជា​ខ្លាំង​សម្រាប់​កម្ពុជា ពិសេស​ក្នុង​ដំណាក់​កាល​នៃ​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​កូវីដ-១៩។

ឯកឧត្ដម​បាន​បន្ត​ថា លោក​គ្រូ-អ្នក​គ្រូ និង​មន្ត្រី​​អប់រំ​នៃ​នាយកដ្ឋាន​បច្ចេកវិទ្យា បាន និង​កំពុង​​​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​កម្មវិធី​​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្សានុសិស្ស​កម្ពុជា​អាច​បន្ត​ការ​សិក្សា ក្នុង​ពេល​ដែល​សាលា​រៀន​ត្រូវ​បិទ​ទ្វា​ដោយសារ​ជំងឺ​កូវីដ-១៩។ ឯកឧត្ដម​បាន​បង្ហាញ​ក្ដី​សង្ឃឹមថា ពិភពលោក​អាច​យក​ឈ្នះ​ជំងឺ​កូវីដ-១៩ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ហើយ​​ភាគី​ទាំង​ពីរ​​អាច​បន្ត​ការងារ​កិច្ច​សហ​ប្រតិបត្តិការ​ជា​បន្ត​ទៀត​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ។

កុំព្យូទ័រ​បន្ទះ​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​​នាយកដ្ឋាន​ជំនាញ វិទ្យាស្ថាន​គរុកោសល្យ វិទ្យាល័យ អនុវិទ្យាល័យ ​សាលា​មធ្យម​សិក្សា​គរុកោសល្យ និង​សាលា​បឋម​សិក្សា​ចំនួន​៩ នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ដោយ​ក្នុង​មួយ​ស្ថាប័ន​​ទទួល​បាន​ចំនួន​៣០​គ្រឿង។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរ​​អប់រំ ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០០៥ ព្រមទាំង​បាន​ចុះ​ហត្ថលេខា​ជា​ថ្មី ដើម្បី​បន្ដ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ក្នុង​វិស័យ​អប់រំ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ៕ ​​​

១២ ឧសភា ២០២០ | ទីស្ដីការ​​ក្រសួង​អប់រំ