ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបឯកឧត្តម PABLO KANG ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត ដើម្បីទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន


នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបឯកឧត្តម PABLO KANG ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត ដើម្បីទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យយុត្តិធម៌កន្លងមក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ស្តីពីការបញ្ជូនទណ្ឌិត ព្រមទាំងអនុស្សរណៈស្តីពីការរៀបចំចាត់ចែង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ទាក់ទងនឹងកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្ស។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការកសាងក្របខ័ណ្ឌគតិយុត្ត និងវិស័យអាទិភាពមួយចំនួនទៀត។