អភិបាលរាជធានីភ្នំពេញ ទទួលសម្ភារការពារជំងឺ COVID-19 ពីអង្គការការីតាស និងបន្តចែកដល់ខណ្ឌទាំង១៤ អំពាវនាវឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាព


(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បន្តឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាពតាមគោលការណ៍របស់ក្រសួងសុខាភិបាល បើទោះបីនៅសល់អ្នកជំងឺ COVID-19 តែម្នាក់ក៏ដោយ ដើម្បីការពារការចម្លងថ្មីនៃជំងឺ COVID-19 ពីមនុស្សមា្នក់ទៅមនុស្សម្នាក់ទៀត ឬទៅសហគមន៍។

ឯកឧត្តម ឃួង ស្រេង បានថ្លែងដូច្នេះក្នុងឱកាសទទួលសំភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគ COVID-19 ជាច្រើនពីអង្គការការីតាសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ សម្រាប់បែងចែកទៅតាមសង្កាត់ និងមូលដ្ឋាន ដើម្បីបង្កើនការប្រយុទ្ធប្រឆំាងជំងឺ COVID-19។

ថ្លែងក្នុងពិធីប្រគល់នឹងទទួលសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគ COVID-19 ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អំណោយម៉ាស អាល់កុល និងលិខិតបណ្ណអប់រំពីការថែរក្សាអនាម័យ ច្រើនរបស់អង្គការការីតាសកម្ពុជានេះ នឹងត្រូវចាត់ចែងបន្តជូនដល់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ នៅមូលដ្ឋាន ខណៈដែលជម្ងឺនេះ បាននិងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននិងកំពុងប្រឈមដែរនោះ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការការីតាសកម្ពុជា ដែលបានចូលរួមចំណែក ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នេះ។ លោក ឃួង ស្រេង បន្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ COVID-19 នេះដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ពិសេសលាងដៃ ពាក់ម៉ាស់ការពារ ចៀសឲ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ដើម្បីទប់ស្កាត់ការរីក រាលដាលជំងឺ COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។

លោក គឹម រតនៈ នាយកប្រតិបត្តិអង្គការការីតាសកម្ពុជាបានថ្លែងថា ការផ្តល់អំណោយជាសម្ភារមានម៉ាស សាប៊ូ អាល់កុល និងខិតបណ្ណផ្សព្វផ្សាយដល់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺ COVID-19 ដែលធានាបានសុខភាពសុវត្ថិភាព ប្រជាពលរដ្ឋ៕