សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយតំណាងនៃទីភ្នាក់ងារអង្គការ UN នៅកម្ពុជា


នៅវិមានសន្តិភាព រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនទៀត ដែលកំពុងប្រតិបត្តិការងារនៅកម្ពុជាចូលជួបសំណេះសំណាល និងពិភាក្សាការងារ។
លោក ស្រី Clair Van de Varen បានថ្លែងអំណរគុណដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាងនេះទៀត លោកស្រី និងក្រុមប្រតិភូបានសម្តែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យអប់រំ ដែលកន្លងមកបានធ្វើការកែទម្រង់យ៉ាងមានប្រសិទ្ធភាព និងមានគុណភាព។ លោក ស្រី Clair Van de Varen ក៏បានជំរាបពីវឌ្ឍនភាពរបស់ទីភ្នាក់ងារទាំងឡាយរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើការនៅកម្ពុជាកន្លងមក និងកំពុងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងបញ្ហាសំរាមរឹង និងរាវ ការអភិវឌ្ឍវិស័យសុខាភិបាល និងវិធានការទប់ស្កាត់គ្រោះមហន្តរាយជាដើម។
សម្តេចតេជោ ហ៊ុន សែន រីករាយ និងមានមោទនៈភាពក្នុងកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងឡាយ ដែលបានសិក្សាច្បាស់លាស់អំពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដើម្បីបន្តការអភិវឌ្ឍដោយចីរភាពដែលមានការយកចិត្តទុកដាក់ និងប្រឹងប្រែងខ្លាំងជាងមុន។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលកំពុងមានប្រតិ​បត្តិការនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ហើយអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ គឺស្របទៅនឹងនិន្នាការ និងស្ថានភាពជាក់ស្តែងរបស់តំបន់ និងពិភពលោកផងដែរ។ សម្តេចតេជោ បានស្នើសុំអោយភ្នាក់ងារអង្គការសហប្រជាជាតិ ទាំងអស់បន្តធ្វើការជាមួយស្ថាប័នរបស់កម្ពុជា ដោយមានភាពជឿជាក់រវាងគ្នានឹងគ្នាក្នុងនាមជាដៃគូ ជាពិសេសត្រូវមានទំនាក់ទំនងល្អក្នុងការទទួលយកព័ត៌មានពីគ្នាទៅវិញទៅមកចៀសវាងការស្តាប់តាមសារព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។ សម្តេចតេជោនាយករដ្ឋមន្រ្តី អរគុណដល់ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងអស់ដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ហើយកម្ពុជាខ្លួនឯងដឹងច្បាស់ណាស់ថាត្រូវខិតខំអោយកាន់តែខ្លាំងឡើងថែមទៀតនៅពេលដែលគ្មានជំនួយពីដៃគូ។ សម្តេចតេជោ ក៏បានស្នើទៅទីភ្នាក់ងារអង្គការសហប្រជាជាតិនានាសូមធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជា និងស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ សម្តេចតេជោ ក៏បានស្នើដល់ លោកស្រីតំណាង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញក្នុងការបន្ថែមជំនួយហិរញ្ញវត្ថុលើកាបូនព្រៃឈើដែលកម្ពុជាមានគម្របព្រៃឈើយ៉ាងច្រើន ដែលកំពុងជួយដល់បញ្ហាបម្រែបម្រួលធាតុអាកាស។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានស្នើអោយ អង្គការសហប្រជាជាតិយកចិត្តទុកដាក់អោយបានខ្ពស់ចំពោះវត្តមានយុទ្ឋជនមួកខៀវកម្ពុជាដែលកំពុងបម្រើបេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលកំពុងមានវិបត្តិសង្រ្គាម ព្រោះថ្មីៗកន្លងមក នេះមានយុទ្ឋជនមួកខៀវកម្ពុជាបានស្លាប់បាត់បង់ជីវិតនៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន បានសន្យានឹងរៀបចំកិច្ចប្រជុំសំណេះសំណាលបែបនេះជារៀងរាល់ឆ្នាំ ហើយ សម្តេចតេជោ ក៏បានស្នើដល់តំណាងនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងអស់ ចូលរួមពិភាក្សា បញ្ចេញយោបល់អោយបានច្រើនក្នុងកិច្ចប្រជុំលើកក្រោយៗទៀត។ ជំនួបប្រជុំពិភាក្សាថ្ងៃនេះគឺបាន បញ្ចប់ទៅដោយបរិយាកាសយោគយល់ និងស្និទស្នាលបំផុត៕