ក្រុមជំនាញចិន បានបាញ់ថ្នាំការពារកូវីដ១៩ លើផ្ទៃដី ១,៥លានម៉ែត្រការ៉េនៅកម្ពុជា ក្នុងបេសកកម្មរយៈពេល ១៥ថ្ងៃ


(ភ្នំពេញ)៖ ក្រុមអ្នកជំនាញស្ម័គ្រចិត្តចំនួន១០រូប មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញប្រតិបត្តិការរបស់ខ្លួន រយៈពេល១៥ថ្ងៃ ដើម្បីបាញ់ថ្នាំការពារមេរោគកូវីដ១៩ (COVID-19) នៅតាមបណ្តារាជធានី-ខេត្ត ចំនួន១០ នៅក្នុងប្រទេសកម្ពុជា។ បេសកកម្មនេះ បានធ្វើឡើងតបតាមការស្នើសុំរបស់លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស)។

ចាប់តាំងពីបានមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមអ្នកជំនាញស្ម័គ្រចិត្តទាំងនេះ បានបំពេញបេសកកម្មយ៉ាងស្វាហាប់ មិនថាស្ថិតក្រោមកម្តៅថ្ងៃ ហាលខ្យល់ និងត្រូវភ្លៀងយ៉ាងណាក៏មិនរុញរាឡើយ ក្នុងការជួយបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជាយើង។ យោងតាមលោកបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស បានឲ្យដឹងថា ក្នុងរយៈពេល ១៥ថ្ងៃនេះ ក្រុមជំនាញចិនបានបាញ់ថ្នាំការពារមេរោគកូវីដ១៩ លើផ្ទៃដីទំហំ១លាន៥សែនម៉ែត្រការ៉េ ទូទាំង១០រាជធានី-ខេត្ត។

ផ្តល់បទសម្ភាស៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសជូនដំណើរក្រុមអ្នកជំនាញស្ម័គ្រចិត្តចិន ធ្វើមាតុភូមិនិវត្តន៍វិញ លោក ប៉ៃ សំបូរ តំណាងឲ្យលោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាព និងការលះបង់ទាំងកម្លាំងកាយចិត្ត របស់ក្រុមអ្នកជំនាញទាំង១០រូប ដែលបានមកជួយកម្ពុជា ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងស្ថានភាពដ៏លំបាកនេះ។ លោក ប៉ៃ សំបូរ បានចាត់ទុកថា នេះគឺជាការលះបង់ដ៏ធំធេងរបស់ចិនសម្រាប់កម្ពុជា ក្នុងនាមជាបងប្អូនមានជោគវាសនារួមគ្នា ដែលមិនអាចកាត់ថ្លៃបានឡើយ ហើយក្នុងនាមជាជនជាតិកម្ពុជា សូមអរគុណដល់មហាមិត្តចិនយ៉ាងខ្លាំង។

អគ្គលេខាធិការ វ.ស.ស បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយលើកស្ទួយ និងជួយជ្រោមជ្រែង រហូតដល់បញ្ចប់ប្រតិបត្តិការបាញ់ថ្នាំនេះ ប្រព្រឹត្តទៅដោយរលួនផងដែរ។

លោកបានបន្ថែមថា «អ្វីដែលយើងមើលឃើញនោះ គឺពួកគាត់ខិតខំប្រឹងប្រែងណាស់ ទោះបីជាក្តៅ ហូរញើសយ៉ាងណាក៏ដោយ។ យើងមើលឃើញថា មិត្តចិន គឺគាត់យកចិត្តទុកដាក់ចំពោះយើងសម្បើមណាស់ ហើយអ្វីដែលខ្ញុំចង់និយាយនោះ គឺរកពាក្យនឹងថ្លែងពុំបានឡើយ។ បេះដូងរបស់ខ្ញុំ តំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល គឺសូមអរគុណពួកគាត់មែនទែន»

ប្រធានក្រុមដឹកនាំបេសកកម្មនៅកម្ពុជា លោក វ័ង អ៉ី បានថ្លែងថា រយៈពេល១៥ថ្ងៃ ដែលលោកបានមកបំពេញការងារនេះ អ្វីដែលលោកកត់សម្គាល់ឃើញ គឺទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរាប់អានក្រុមលោកក្នុងនាមជាមិត្តភក្តិ ដោយបានសម្របសម្រួលការងារគ្រប់កាលៈទេសៈ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងរួចផុតពីជំងឺកូវីដ១៩នេះ និងសុវត្ថិភាពទាំងអស់គ្នា។

លោកបានបន្តថា កម្ពុជា គឺជាមិត្តភក្តិល្អរបស់ចិន ហើយក្រុមរបស់លោកនឹងរួមចំណែកជួយ នៅគ្រប់កាលៈទេសៈទាំងអស់។ លោកប្រធានក្រុមបានសន្យាថា នឹងមកកម្ពុជាទៀត ក្នុងករណីដែលមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិផ្សេងៗ ដើម្បីបង្ហាញជាការលើកទឹកចិត្តនៅក្នុងការចូលរួម ជាមួយពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងបញ្ហាលំបាកទាំងនោះ។

លោក វ័ង អ៉ី បានបញ្ជាក់ថា «ជាពិសេសខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ដោយយើងឃើញថា ជាការពន្លាតនូវទំនាក់ទំនងដ៏ល្អរវាងប្រជាជាតិ នៃប្រទេសយើងទាំងពីរ តាំងពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ ពីទីក្រុងរហូតដល់ជនបទ។ ជាមួយគ្នានេះដែរ យើងខ្ញុំនៅតែបន្តលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋកម្ពុជា បន្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ចុងក្រោយ ខ្ញុំមានពាក្យខ្លីមួយថា ទាំងអស់គ្នាស៊ូឡើង»

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញរបស់ចិនទាំង១០ មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ បានធ្វើមាតុភូមិនិវត្តន៍ទៅចិនវិញ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ ពេលនៅកម្ពុជា ពួកគាត់បានចុះធ្វើប្រតិបត្តិការ តាមបណ្តារាជធានី-ខេត្តទាំង ១០រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, តាកែវ, ព្រះសីហនុ, កំពង់ឆ្នាំង, សៀមរាប, ព្រះវិហារ, កំពង់ចាម, កំពង់ធំ និងត្បូងឃ្មុំ។ នៅក្នុងប្រតិបត្តិការនេះ ក្រុមជំនាញចិន បានបណ្តុះបណ្តាលដល់ក្រុមជំនាញកម្ពុជា (៧១១) របស់កងពលតូលលេខ៧០ លើវិធីសាស្ត្រការពារ បង្ការ ទប់ស្កាត់ និងបាញ់កម្ចាត់មេរោគផងដែរ។

សម្រាប់ប្រត្តិបត្តិការរយៈពេល១៥ថ្ងៃនេះ ពួកគាត់បានប្រើប្រាស់ឧបករណ៍ និងសម្ភារ រួមមាន៖ ម៉ាស៉ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាសវេជ្ជសាស្ត្រចំនួន ២៨០,០០០បន្ទះ និងសម្លៀកបំពាក់ការងារមិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់ ដែលគិតជាទឹកប្រាក់ប្រមាណ ១,២៨៨,០០០យ័ន។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានសម្រេចផ្តល់ជំនួយដល់ វ.ស.ស. នូវម៉ាសពេទ្យចំនួន ១៥០ ០០០សន្លឹក, ម៉ាសមុខ 3D ចំនួន ៥០ ០០០សន្លឹក, អាវពេទ្យសម្រាប់ការពារមេរោគចំនួន ៧,៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន ៨៤០កញ្ចប់ ដែលមានតម្លៃប្រមាណ ១៥៩,១៩២ដុល្លារអាមេរិក៕