ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានអនុវត្តតាមនីតិវិធីដូចជា ការប្រកាសជូនដំណឹងស្ដីពីការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ការដាក់ពាក្យ និងការទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការពិនិត្យ និងការសម្រាំងបេក្ខជន និងកិច្ចដំណើរការបោះឆ្នោត។

ឯកឧត្ដមបន្ថែមថា ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលក្ខខណ្ខការងារ ត្រូវធើ្វផ្សព្វផ្សាយអោយបានទូលំទូលាយ ក្នុងរយ:ពេលយ៉ាងតិចសាមសិប(៣០)ថ្ងៃ គិតពីថ្ងៃចេញសេចក្ដីជូនដំណឹង ដោយមានការបិទផ្សាយនៅលើក្ដារព័ត៌មានរបស់រដ្ឋបាលខេត្ត និងនៅទីសាធារណ:នានា និងផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន គេហទំព័រ បណ្ដាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានា។

គួរបញ្ជាក់ថាកិច្ចប្រជុំនាព្រឹកនេះគឺអនុវត្តតាមនីតិវិធី ដើម្បីធ្វើការផ្សព្វផ្សាយ និងឈានដល់ការសម្រិតសម្រាំងបេក្ខភាព និងកំណត់ការបោះឆ្នោតជ្រើសរើសបេក្ខជន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ។