ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ


ព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី វិស័យសាធារណ និងវិស័យឯកជនក្នុង ខេត្ត បានចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តមបន្តថា មូលនិធិដែលសាខាកាកបាទក្រហមទទួលបានពីសប្បុរស ជនសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួន ដោយពុំមានការរើសអើងសំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយការឈឺ និងស្លាប់នៃមាតានិងកុមារ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្ស ធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សាជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមានអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមាន កូនច្រើន និងអ្នកមានជំងឺរាំរ៉ៃ នៅខេត្តព្រះសីហនុ បានឆាប់រហ័ស និងទាន់ពេលវេលា ពុំមានការរើសអើង ពូជសាសន៍ជំនឿសាសនា ឬនិន្នាការនយោបាយ ។