តំណាងឯកឧត្តម អ៊ុន ចាន់ដា ផ្កល់​អំណោយ​ជូន​ ក្រុម​គ្រួសារ​ ជនរងគ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរ​ផ្លូវ​ទឹក​


កំពង់ចាម​:​ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៏សាខាកាកបាទក្រកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនក្រុមគ្រួសារ​ជនរងគ្រោះ​ ចំនួន៣គ្រួសារ នៅភូមិទី២ ឃ៉ំកោះសំរោង ស្រុកកំពង់សៀម ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ផ្លូវ​ទឹក​ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លង​ទៅ​ថ្មីៗ​នេះ​ ខណៈ​ដែលជន​រងគ្រោះ​ទាំង​នោះ​ធ្វើដំណើរត្រឡប់មកពីពិធីមង្គលការនៅឃុំរំចេកវិញ។

គួរ​រំលឹក​ផង​ដែរ​ថា​ មនុស្ស​ចំនួន​៣នាក់​ ក្នុង​ចំណោម​១០នាក់​ ត្រូវ​បានបាត់ខ្លួន​ និងម្នាក់​ទៀត​ត្រូវ​រងរបួស ខណៈ​ទូក​អូស​យ៉ាងកាវ​ បេីកបុក​ជាមួយ​ទូក​ប្រជាពលរដ្ឋ​ ដែល​ជិះ​​ឆ្លង​ទន្លេ​ គ្រា​ដែល​​ជនរងគ្រោះ​​ត្រឡប់​មក​ពី​ពិធី​មង្គលការ​មួយ​ ហើយ​ឆ្ពោះ​ទៅកាន់លំនៅឋាន​របស់​ខ្លួន​ ស្ថិត​នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២០ ។

មេឃុំកោះសំរោងលោក សន សុខ បាន​ឲ្យដឹង​ថា នៅយប់ថ្ងៃកើតហេតុ មានករណីគ្រោះថ្នាក់ រវាង ទូកអូសយ៉ាំងកាវ បានបុកជាមួយនឹងទូកចាប់គែម របស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពី ចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១០នាក់ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ដោយទូកអូសយ៉ាំងកាវ បើកបុក នៅចំណុច កណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឲ្យលិចទូកចាប់គែមរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន៣នាក់បាត់ខ្លួន និងម្នាក់ទៀតរងរបួស ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនរងគ្រោះ​ទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ។
ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ​ ។
​ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់​ ភេទប្រុស អាយុ៣៣ឆ្នាំ​ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ សព​ជនរងគ្រោះ​ទាំង​៣នាក់​ ត្រូវ​បានរក​ឃើញ​ ហើយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​ ខណៈ​ដែល​ក្រុម​គ្រួសារ​សព​ បាន​ទទួល​អំណោយ​មនុស្សធម៌​ ពី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ៕