អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​គម្រោង​ សាងសង់​សាលា​សង្កាត់​បឹងកុក​


កំពង់ចាម​:​ ដោយពិនិត្យឃើញ អំពីបញ្ហាប្រឈម របស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួន​ សម្រាប់បំរើ​សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋ​ ខណៈអស់ជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​​ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់សាលាសង្កាត់បឹងកុកថ្មី នៅ​លើ​ទំហំ​ដី​៤០x៥០ម៉ែត្រ​ ដែលមានទីតាំង​ស្ថិត​នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ចាក់​ដី​ និង​ធ្វើផ្លូវចូលប្រវែងជាង១៦០ម៉ែត្រ ផង​ដែរ​។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត គ្រងនឹងសាងសង់អាគារសាលាឃុំ-សង្កាត់ថ្មី ចំនួន១១កន្លែងបន្ថែមទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះខេត្តកំពង់ចាម មានអគារសាលាឃុំ-សង្កាត់ តាម​គំរូ​ស្តង់ដាររបស់ក្រសួងមហាផ្ទៃ ចំនួន៩៨ ឃុំ-សង្កាត់ លើ១០៩ឃុំ សង្កាត់។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទ្វារទឹក១កន្លែង និងច្រាំងទន្លេ ប្រវែង២០ម៉ែត្រ ដែលហូរច្រោះ ដោយសារទឹកភ្លៀងមួយមេធំ​ កាលពីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។​ ជាមួយ​គ្នា​នោះ​ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការ​ជួសជុល​ជាបន្ទាន់ផ្នែកដែលហូរច្រោះ ដើម្បីជៀសវាងការបាក់ស្រុតច្រាំងទន្លេបន្ថែម នាំឲ្យខូចខាតសំណង់ទ្វាទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះ​ ផងដែរ​ ៕