អាជ្ញាធរខេត្តកោះកុង ចែកអំណោយសប្បុរសជនជូនអតីតយុទ្ធជន និងផ្តល់សម្ភារការពារកូវីដ១៩ ដល់រដ្ឋបាលភូមិមួយចំនួន


(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង បានចុះសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជន និងផ្តល់សម្ភារសម្រាប់ការពារទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជូនរដ្ឋបាលភូមិមួយចំនួន ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

ការសំណេះសំណាលសួរសុខអតីតយុទ្ធជន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង រួមទាំងក្រុមការងារ និងមានការចូលរួមពីសំណាក់ អតីតយុទ្ធជនប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

ឯកឧត្តម អ៊ុក ភ័ក្រ្តា បានថ្លែងជំរុញប្រជាពលរដ្ឋក្នុងអង្គពិធីថា ទោះបីប្រទេសកម្ពុជាយើងមានអត្រានៃជំងឺឆ្លងកូវីដ១៩ មានស្ថានភាពចុះខ្សោយ និងជាសៈស្បើយអស់ក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះប្រជាពលរដ្ឋ ហើយនៅតែបន្តអនុវត្តន៍ធ្វើការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល។ បន្ថែមលើនេះ មន្ទីរពេទ្យអាជ្ញាធរគ្រប់មូលដ្ឋាន នៅតែបន្តផ្សព្វផ្សាយអប់រំ ដើម្បីការពារជំងឺឆ្លង ធ្វើអនាម័យថែរក្សាបរិស្ថានជាប់និច្ច ដើម្បីសុខភាពបងប្អូន។

ឯកឧត្តម អ៊ុក ភ័ក្រ្តា បានបន្តថា «យើងត្រូវតែចូលរួមក្នុងការពារជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ព្រោះជំងឺកូវីដ១៩នេះ វារីករាលដាលនៅលើភពលោក និងកាចសាហាវណាស់ហើយឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងធ្វើឲ្យមនុស្សស្លាប់ភ្លាមៗផងដែរ។ ហេតុដូច្នេះបងប្អូនគួរតែមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះសុខភាព ត្រូវលាងដៃជាមួយសាប៊ូ ឬជែល អាល់កុល និងពាកម៉ាសជាប់ជានិច្ចដើម្បីការពារការឆ្លងជំងឺកូវីដ១៩ និងជំងឺឱកាសនិយមផ្សេងៗ»។

អំណោយដែលផ្តល់ជូនអតីតយុទ្ធជនទីទាល់ក្រចំនួន ៥នាក់ ក្នុងគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី៥កេះ ត្រីខ៥យួរ ទឹកក្រូច៥យួរ ទឹកសុទ្ធ២កេះ និងថវិកាចំនួន ៥ម៉ឺនរៀលប្រជាការពារភូមិចំនួន ៦៥នាក់ ក្នុង១នាក់ទទួលបានថវិកា ៤ម៉ឺនរៀល ហើយបានផ្តល់សម្ភារ ដើម្បីការពារជំងឺកូវីដ១៩ ជែល អាកុល ម៉ាស សាប៊ូស្រោមដៃ ថ្នាំសម្លាប់មេរោគ និងអំបិលផងដែរ៕