សម្ដេចក្រឡាហោម ស ខេង៖ គ្មានការពន្យារពេល ឬផ្អាកការរឹតបន្ដឹងច្បាប់ចរាចរណ៍នោះឡើយ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា គ្មានការពន្យារពេល ឬផ្អាកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនោះទេ ព្រោះការអនុវត្តប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យប្រជាពលរដ្ឋបង្កើននូវការគោរពច្បាប់បានយ៉ាងខ្ជាប់ខ្ជួន។

តាមរយៈ Facebook នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល២សប្តាហ៍ ឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀប នឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ដែលបានចូលរួមគោរពអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ និងថ្លែងអំណរគុណគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចក្រឡាហោម ស ខេង ដែលបានបង្ហោះនៅលើទំព័រ Facebook៖

«ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលជាវិជ្ជមាន ប្រកបដោយនិន្នាការដ៏ល្អ ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល២សប្តាហ៍ ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀប នឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។

ទិន្នន័យជាផ្លូវការ បានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល១៤ថ្ងៃ គឺតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បើប្រៀបធៀបពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ដូចគ្នា គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់ និងអ្នកស្លាប់ថយចុះ៤នាក់។

ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វិញ គឺមានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ ថយចុះ៦៨លើក អ្នករងរបួសថយចុះ៩១នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន។

ជាថ្មីម្តងទៀតខ្ញុំ សូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។

កន្លងមកនេះមានមតិខ្លះ ក៏បានលើកឡើងដោយសុំឲ្យមានការពន្យា ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយមូលហេតុផ្សេងៗ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនជនរួមជាតិ មេត្តាជ្រាបថា តាមលទ្ធផលជាវិជ្ជមានខាងលើនេះ បានបង្ហាញថា ការពន្យារ ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺប្រៀបបាននឹងការបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋខ្មែរយើងនៅតែបន្តរងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវ សោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង។

ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវ បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ខ្ញុំក៏សូមក្រើនរំលឹកថែមទៀត ដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង»៕