ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម អ៊ឹង គឹមលាង ចុះអប់រំផ្សព្វផ្សាយអំពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការការពារមេរោគកូវីដ១៩


នារសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម អ៊ឹង គឹមលាង សមាជិកគណៈប្រចាំការ គណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត និងជា អភិបាលរងខេត្ត ពោធិ៍សាត់ លោក សំរិទ្ធិ អេង សមាជិគណ:អចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយអំពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការការពារមេរោគកូវីដ១៩ដោយនាំយកជាមួយនូវ អង្ករ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋជនចាស់ជរា ជនពិកាដែលជួបការមកលំបាកខ្វះស្បៀងពិតប្រាកដ ចំនួន១៥ គ្រួសារ ស្ថិតក្នុងភូមិក្បាលហុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។

ឱកាសនោះក៏មានវត្តមាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុងពោធិ៍សាត់ ក្រុមការងារចុះជួយសង្កាត់បន្ទាយដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សមាគមសិស្សនិសិត្សបញ្ញាវន្ត ក្មេងវត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម ម៉ក់ រ៉ា បានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដោយភាពរីករាយ រាក់ទាក់ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អាន នៅពេលដែលឃើញពួកគាត់មានសុខភាពល្អ អនុវត្តបាននូវការរស់នៅ មានអនាម័យល្អ រស់ស្អាត ព្រមទាំងគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលកន្លងមកនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំពេញអង្គរបស់គណ:រដ្ឋមន្ត្រី ថ្ងៃទី១៥ខែឧសភា ឆ្នាំ ២០២០នេះ គឺសុំឲ្យប្រជាពលរដ្ឋអនុវត្តបន្ត នូវប្រពៃណីយ៍ទម្លាប់រស់នៅស្អាត អនាម័យខ្លួនប្រាណជាប្រចាំ តាមរយ:ការលាងដៃអាល់កុល នឹងសាប៊ូ ទឹកជែលជាដើម ដើម្បីការពារការឆ្លងមេរោគកូវីដ១៩នេះ ព្រោះរលកនៃការឆ្លងមេរោគកូវីដ១៩នេះ នៅលើពិភពលោក ពុំទាន់ស្ងប់នៅឡើយទេ ហេតុដូច្នេះសូមបងប្អូនបន្តអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានកាណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ។