សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាពីសប្បុរសជន ជាង២៦ម៉ឺនដុល្លារ


(កំពង់ចាម)៖ សប្បុរសជនបានឧបត្ថម្ថថវិកា សម្រាប់កិច្ចការមនុស្សធម៌ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចំនួនជាង ២៦ម៉ឺនដុល្លារអាមេរិក គិតត្រឹមរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែឧសភាដដែលនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមូលនិធិកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ដើម្បីសរុបថវិកា ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរ ខួបទី១៥៧ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយថវិកាដែលទទួលបានពីសប្បុរសជន គឺមានចំនួនប្រមាណជាង ២៦ ម៉ឺនដុល្លារ។

ទន្ទឹមនឹងនេះដែរ ខាងមន្ត្រីសាលាខេត្តកំពង់ចាមរំពឹងទុកថា នឹងអាចមានសប្បុរសជនចូលរួមឧបត្ថម្ភជាថវិកាសម្រាប់កិច្ចការមនុស្សធម៌នេះ បន្ថែមទៀត។

មន្ត្រីដដែលបានបញ្ជាក់ថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ថវិកាទាំងនោះ ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ៕