ពលរដ្ឋខ្មែររំលឹកការចងចាំដ៏សែនឈឺចាប់ ក្នុងរបបខ្មែរក្រហមដ៏ព្រៃផ្សៃ


(ភ្នំពេញ)៖ ថ្ងៃទី២០ ខែឧសភា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិនៃការចងចាំនូវទង្វើដ៏ព្រៃផ្សៃនៃរបបខ្មែរក្រហម ក៏ដូចជាទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ។ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ក៏ជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យរួមគ្នាការពារនូវសុខសន្តិភាព ការពារកុំឱ្យជាតិវិលទៅរកដានប្រវត្តិសាស្ត្រដ៏ខ្មៅងងិតមួយនេះផងដែរ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានដាក់ចេញនូវគោលនយោបាយចំនួន៨ សម្រាប់ការដឹកនាំរបស់ពួកគេ។ គោលនយោបាយទាំង៨ចំណុចរបស់ពួកគេនោះរួមមាន៖

១៖ ជម្លៀសប្រជាជនចេញពីទីក្រុង ហេីយបែងចែកជា២ ប្រភេទ គឺប្រជាជន ដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃទី១៧ មេសា គេឲ្យឈ្មោះថាជាប្រជាជនចាស់។ រីឯប្រជាជន ដែលទេីបជម្លៀសចេញពីទីក្រុងភ្នំពេញ ក្រោយថ្ងៃទី១៧ ខែមេសា គេហៅថា ប្រជាជនថ្មី ឬពួក ១៧ មេសា។

២៖ លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី

៣៖ លុបំបាត់ចោលរូបិយប័ណ្ណ និងការចាយលុយ

៤៖ លុបបំបាត់សាសនា ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹកហេីយបញ្ជូនឱ្យទៅធ្វេីស្រែ

៥៖ សម្លាប់ចោលទាំងអស់ រាល់ទាហាន មន្ត្រី ដែលធ្វេីការឱ្យរបប លន់ ណុល

៦៖ បង្កេីតសហករសុីរួម ធ្វើការរួម នៅទូទាំងប្រទេស

៧៖ បណ្តេញជនជាតិវៀតណាម ឱ្យចេញអស់ពីប្រទេសកម្ពុជា

៨៖ ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។

ផ្តើមចេញពីគោលនយោបាយពោរពេញដោយការចងកំហឹង ចងអាឃាដនេះហើយ ក្រោយវាយដណ្តើមបានក្រុងភ្នំពេញ ឈានទៅគ្រប់គ្រងប្រទេសទាំងស្រុងនោះ ក្រុមមេដឹកនាំរបបខ្មែរក្រហម ដែលគេប្រសិទ្ធនាមថា «របបកម្ពុជាប្រជាធិបតេយ្យ» នោះ បានអនុវត្តន៍គោលនយោបាយរបស់ពួកគេយ៉ាងព្រៃផ្សៃជាទីបំផុត។

ខ្មែរក្រហម បានសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការយ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ រយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) របបខ្មែរក្រហម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារការសម្លាប់ក្រោមការចោទថាក្បត់អង្គការ ស្លាប់ដោយការអត់ឃ្លាន ជំងឺតម្កាត់ ហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់យ៉ាងវេទនាខ្លោចផ្សាជាទីបំផុត។

ទុក្ខវេទនានៃរបបខ្មែរក្រហម បើទោះបីរសាត់បាត់ទៅរយៈពេលជាង៤ទសវត្សរ៍ហើយក្តី តែប្រជាពលរដ្ឋឆ្លងកាត់របបនេះ នៅតែចងចាំមិនអាចបំភ្លេចនូវទុក្ខវេទនា ការនិរាសព្រាត់ប្រាស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។