ឯកឧត្តម តូច ចាន់កុសល ដឹកនាំកិច្ចប្រជុំពិភាក្សា ជំរុញលើកទឹកចិត្តឱ្យមន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោងខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងប្រកាន់យកគុណភាពរឹងមាំជាចម្បង


ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីអំពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង (PMU) ថ្មី និងអង្គភាពអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងខេត្តតាកែវ មន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោង របស់ក្រសួងជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង ព្រមទាំងតួនាទីភារកិច្ចរបស់អង្គភាពទាំងពីរ ដើម្បីឱ្យពួកគេមានទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅជំរុញការអនុវត្តគម្រោងនេះឱ្យកាន់តែរលូនប្រកបដោយប្រសិទ្ធភាព គុណភាព និងបញ្ចប់គម្រោងស្របតាមកិច្ចសន្យា ដែលបានកំណត់។

ថ្លែងក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថា អង្គភាពអនុវត្តគម្រោង គឺជាអ្នកសម្របសម្រួល និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពនេះជាកត្តាជំរុញកិច្ចសហការរវាងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងមានគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោងខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ប្រកាន់យកគុណភាពរឹងមាំជាចម្បង ជាពិសេសត្រូវចង់ចាំនូវប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ពោលគឺមិនមែនចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់ឡើយ ៕