សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនស្រ្តីមានជំងឺមហារីកសុដន់ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន


មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោកស្រី វិន ស៊ីធួន អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមដំណើរដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត រួមទាំងសមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ផ្តល់ជូនស្រ្តីមានជំងឺមហារីកសុដន់ម្នាក់ ឈ្មោះ ញ៉ាញ នឿន អាយុ៤១ឆ្នាំ ដែលមានជីវភាពក្រីក្រ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចកាលលោក តែងតែគិតគូរពីសុខុមាលភាព ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោកស្រី វិន ស៊ីធួន ក៏បានជូនពរដល់អ្នកជំងឺឱ្យឆាប់ជាសះស្បើយ និងត្រូវថែទាំសុខភាពឱ្យបានល្អ តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជម្ងឺកូវីដ ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី វិន ស៊ីធួន បញ្ជាក់ថា អំណោយដែលផ្តល់ជូនស្រ្តីមានជំងឺមហារីកសុដន់ម្នាក់ ឈ្មោះ ញ៉ាញ នឿន នាពេលនេះ រួមមាន សាខាកាកបាទក្រហមកម្ពុជាខេត្ត ឧបត្ថម្ភ អង្ករ ២៥គីឡូក្រាម មី ទឹកសុទ្ធ និងថវិកា ២លានរៀល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឧបត្ថម្ថថវិកាចំនួន ៥៤ម៉ឺនរៀល និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ហើយថវិកាទាំងនេះ គឺជាទឹកចិត្តរបស់សប្បុរសជន ក្នុងការជួយដោះស្រាយការលំបាកបានមួយកម្រិតផងដែរ។

លោកស្រី ញ៉ាញ នឿន ដែលមានជំងឺមហារីកសុដន់ បានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕