ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំ ពិធីចុះហត្ថលេខាលើឯកសារផែនការ ៤ឆ្នាំស្តីពីកិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១០ព្រឹក ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ មានរៀបចំ ពិធីចុះហត្ថលេខាលើឯកសារផែនការ ៤ឆ្នាំស្តីពី ” កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) ដែលឯកសារនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាមួយបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា និងដោយមានឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកវិទ្យាស្ថាន CARDI អញ្ជើញចូលរួមផងដែរ។

នាឱកាសដ៏មាសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងគាំទ្រលើផែនការនេះ ហើយតាមរយ: Dr. Yurdi Yasmi ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថាន IRRI ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ជាងនេះទៅទៀតបានរួមចំណែកធ្វើឱ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថាជាអង្ករមានគុណភាពល្អបំផុត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា IRRI នឹងនៅតែបន្តជួយដល់ផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើការអនុវត្តផែន ការ៤ឆ្នាំ ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀតទាំងការងារវិទ្យាសាស្រ្ត បច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ។ អ្វីដែលសំខាន់គឺត្រូវគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផលិត គ្រប់គ្រង និងផ្គត់ផ្គង់ពូជស្រូវឱ្យដៃគូផលិត ធ្វើយ៉ាងនេះទើបយើងអាចធានាបានទាំងបរិមាណ និងគុណភាពអង្ករតាមតម្រូវការទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ឯកសារផែនការ ៤ឆ្នាំ ដែលបានចុះហត្ថលេខានាពេលនេះ គឺមានសារសំខាន់ក្នុងការបំពេញ និងពង្រឹងបន្ថែមទៅលើចំណុចខ្វះខាតនៃការអនុវត្តបច្ចេកទេស ការងារបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយពូជស្រូវកម្ពុជា ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ លើកកម្ពស់គុណភាពអង្ករ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ឈានទៅសម្រេចគោលនយោបាយនៃការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតដ៏ខ្លី។

ឆ្លៀតយកឱកាសនេះ Dr. Yurdi Yasmi បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើការចុះហត្ថលេខាលើឯកសារផែនការ៤ឆ្នាំ ដែលទាក់ទងនឹង
“កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង”។ Dr. YASMI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន CARDI និងអគ្គនាយកដ្ឋានកសិកម្មដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកដើម្បីចូលរួមអភិវឌ្ឍវិស័យផលិតកម្មស្រូវកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រីកការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ បណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងការរៀបចំគោលនយោបាយសំខាន់ៗទាក់ទងផលិតកម្មស្រូវកម្ពុជា និងការនាំចេញ។

សូមអនុញ្ញាតជម្រាបជូនថា វិទ្យាស្ថាន IRRI បានធ្វើកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍផលិតកម្មដំណាំស្រូវតាំងពីឆ្នាំ១៩៦៣។ បន្ទាប់ពីរបបប៉ុលពតត្រូវបានបញ្ចប់ នៅឆ្នាំ១៩៨៥ ទើបកិច្ចសហប្រតិបត្តិការចាប់ផ្តើមដំណើរការឡើងវិញ។ នៅឆ្នាំ១៩៨៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារ MOU ជាមួយ IRRI ហើយ MOU នេះត្រូវបានពន្យារសុពលភាពរៀងរាល់ ៥ឆ្នាំម្តង។ ក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីកម្ពុជាទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗចំនួន០៤ គឺទី១- ការអភិវឌ្ឍធនធានមនុស្ស ទី២- ការកសាងហេដ្ឋរចនាសម្ព័ន្ធស្រាវជ្រាវ និងមន្ទីរពិសោធន៍ ទី៣- ការស្រាវជ្រាវ និងបញ្ចេញពូជស្រូវល្អៗជូនដល់កសិករ និងទី៤- ការងារអភិរក្ស ពូជស្រូវប្រពៃណីរបស់កម្ពុជាជាង៦ ០០០សំណាក យកមកធ្វើការវាយតម្លៃ និងកំណត់លក្ខណៈក្សេត្រវិទ្យា ព្រមទាំងមានការចង ក្រងឯកសារវិទ្យាសាស្រ្តតម្កល់រក្សាទុកឱ្យអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយទៀតផង។ល។