អភិបាលខេត្តមណ្ឌលគិរី ទទួលបានអាល់កុល ៨តោន ពីក្រុមហ៊ុនឯកជន ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19


មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយជាទឹកអាល់កុល ចំនួន ៨តោន ពីក្រុមហ៊ុន អឹមអេច បាយអូ-អេនើជី (M.H Bio-Energy CO.,LTD.) ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 និងដើម្បីឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ចែកចាយបន្ដទៅកាន់មន្រ្តីអង្គភាពជំនាញ និងតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក សេន ប៉េងសែ តំណាងក្រុមហ៊ុន អឹមអេច បាយអូ-អេនើជី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អឹមអេច បាយអូ-អេនើជី (M.H Bio-Energy CO.,LTD.) ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភទឹកអាល់កុល ចំនួន ៨តោន ក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩។

ឯកឧត្តម បន្ថែមថា សម្រាប់អាល់កុល ដែលទទួលបានពីសប្បុរសជននាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយវិធានការអនាម័យដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំអ្នកចំណូលស្រុក ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ៕