អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ


នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) រួមដំណើរជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ចុះពិនិត្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមាន ការស្ថាបនាផ្លូវដីស ការសាងសង់លូ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើម្បីបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់សម្បទានិករបស់គម្រោង LASED II ស្ថិតនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នៅក្នុងការចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះ លោកបណ្ឌិតនាយកបានផ្តាំផ្ញើដល់ក្រុមការងារទទួលការ និងមន្ត្រីបច្ចេកទេសរបស់គម្រោងត្រូវផ្តោតការយកចិត្តទុកដាក់លើការសាងសង់ និងស្ថាបនាសំណង់នីមួយៗស្របទៅតាមស្តង់ដារបច្ចេកទេស និងឱ្យបានទាន់ពេលវេលាដែលបានកំណត់ ដើម្បីសម្បទានិកឆាប់បានប្រើប្រាស់ និងធានាគុណភាពប្រើប្រាស់បានយូរអង្វែង ។
គួររំលឹកថា នៅទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះនេះមានសម្បទានិកសរុបចំនួន ៤០០គ្រួសារដែលភាគច្រើនប្រករបរកសិកម្ម។ ហេតុនេះការកសាងនូវប្រព័ន្ធស្រោចស្រពខ្នាតតូច និងផ្លូវដីសនេះ គឺជាការផ្តល់នូវលទ្ធភាពបន្ថែមទៀតដល់សម្បទានិកក្នុងការបង្កើនផល និងដឹកជញ្ជូនកសិផល៕