អភិបាលរងខេត្តកោះកុង នាំយកសម្ភារៈគ្រឿងឧបភោគ បរិភោគទៅចែកជូនរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាព អតីតយុទ្ធជន និងចាស់ជរា នៅស្រុកកោះកុង


(កោះកុង)៖ ក្រោមការផ្ដួចផ្ដើមរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បាននាំយកសម្ភារៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ និងគ្រឿងឧបភោគ បរិភោគ របស់រដ្ឋបាលខេត្ត ដែលជាអំណោយសប្បុរសជន ទៅចែកជូនរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាព អតីតយុទ្ធជន និងចាស់ជរានៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

នៅក្នុងកម្មវិធីនេះផងដែរ លោកប្រធានក្រុមការងារ បានពាំនាំប្រសាសន៍ របស់លោកជំទាវអភិបាលខេត្ត ផ្ដាំសួរសុខទុក្ខបងប្អូន អ៊ុ ពូ មីង អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំ សូមអោយថែរក្សាអនាម័យ សុខភាព ជាពិសេសត្រូវប្រុងប្រយ័ត្ន និងបង្ការជំងឺកូវីដ ១៩ អោយបានជាប់ជាប្រចាំ និងជួយផ្សព្វផ្សាយបន្តទៅបងប្អូននៅក្នុងសហគមន៍ អោយបានដឹងគ្រប់ៗគ្នានូវជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនេះទៀត ក្នុងនាមលោកជំទាវ ថ្នាក់ដឹកនាំខេត្តផ្សេងទៀត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋានឃុំ ភូមិ គឺតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ និងនៅគៀកបងប្អូន ជួយដោះស្រាយបញ្ហា ការកង្វល់ របស់បងប្អូនជានិច្ច។