រដ្ឋសភាចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍


(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

*ទី១៖ អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

*ទី២៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធាណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

*ទី៣៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

*ទី៤៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

*៤.១ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
*៤.២ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

*ទី៥៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុង ប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្ម ឆ្នាំ១៩៧៩ ដល់គណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕