កាកបាទក្រហមកម្ពុជាខេត្តរតនគិរីបើកកិច្ចប្រជុំ ស្តីពីការពិនិត្យនិងពិភាក្សាការកៀរគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ច ប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាការកៀរគរថវិកាដើម្បីចូលរួមអបអរខួបទី១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅសាលប្រជុំអគារ B សាលាខេត្តរតនគិរី ដែលមាន ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុង- ស្រុក សរុបចំនួន៤១ នាក់ ស្រី៧នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើ ការងារអស់កម្លាំងកាយចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង-ស្រុកទាំង៩ ដែលបានចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភ និងកៀរគរថវិកាបន្ថែមពីមន្ត្រីរាជការ និងសប្បុរសជនតាមអង្គភាព ស្ថាប័ននីមួយៗ ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។ ឯកឧត្តមក៏បានបន្តទៀតថា ការកៀរគររកថវិកានេះ គឺក្នុងគោលបំណង ចូលរួមមនុស្សធម៌ជាបន្តទៀត ដើម្បីជួយ និងផ្ដល់ជូនដល់គ្រួសារក្រីក្រចាស់ជរាគ្មានទីពឹងទុរគតជន ក្មេងកំព្រា គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជាយើងនេះ។
ហើយសាខានៅបន្តធ្វើការអំពាវនាវ និងទទួលថវិកាសប្បុរសធម៌នេះ រហូតដល់ចុងឆ្នាំ ២០២០ ជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានអំពាវនាវដល់គណៈកម្មការសាខា និងអនុសាខាក្រុង-ស្រុកទាំង៩ និងមន្ទីរអង្គភាពទាំងអស់ សូមកុំភ្លេចខ្លួនត្រូវបន្តចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ ការពារជម្ងឺកូវីត១៩ ក៏ដូចជាផ្សព្វ ផ្សាយបន្តសារអប់រំរបស់ក្រសួងសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់នៅជម្ងឺកូវីត ១៩ កុំឱ្យមានរលកទី ២ មកក្នុងសហគមន៍ និងប្រទេសកម្ពុជាយើងទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០នេះ ថវិកាដែលបានទទួលពីសប្បុរសជនក្នុងទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ បានចំនួន ១១៥.១១៥.៥០០រៀល និង៨.៣៣០ ដុល្លារអាមេរិក៕