គណបក្សប្រជាជនកម្ពុជា ខេត្តកំពត និងក្រុមការងារយុវជន ចុះស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ ក្នុងការងារកសិកម្មចំរុះ នៅស្រុកឈូក ខេត្តកំពត


(កំពត)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានគណៈប្រចាំគណបក្សខេត្តកំពត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកាគណបក្សឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រធានគណបក្សស្រុកឈូក រួមនិងមន្ត្រីគណបក្ស បានចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការងារកសិកម្មចំរុះ ព្រមទាំងកសិករគំរូ ទីផ្សារនៃផលិតផល ។

ដើម្បីផ្សព្វផ្សាយពង្រីកការដាំដុះ ក្នុងន័យបង្កើនជីវភាព និងកាត់បន្ថយការចំណាកស្រុក នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្នុងនោះឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះ ឯកឧត្តមប្រធានបានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីកូវីដ១៩ តាមរយះការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីនៅកម្ពុជា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយអស់ហើយក៏ដោយ។ ឯកឧត្តមប្រធានបានបន្តចុះសួរសុខទុក្ខ សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីក្តាប់បញ្ហា និងសំណូមពរមួយចំនួន៕