ឯកឧត្តមបណ្ឌិត លី ឆេង អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រធាន-អនុប្រធានភូមិ ជំនួយការភូមិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ


ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រធាន-អនុប្រធានភូមិ ជំនួយការភូមិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួនពីជំងឺដ៏កាចសាហាវនៃវីរុសកូវីដ១៩ (COVID-19) នោះទេ គឺត្រូវបន្តប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុសកូវីដ១៩ (COVID-19) មកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់របងព័ទ្ធជុំវិញសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបន្តចុះពិនិត្យការសាងសង់មណ្ឌលសុខភាព ដែលជាគម្រោងរបស់ក្រសួងសុខាភិបាល នាថ្ងៃដដែលនោះផងដែរ។