ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួប សំណេះសំណាល និងផ្ដាំផ្ញើមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល


នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួប សំណេះសំណាល និងផ្ដាំផ្ញើដល់មន្រ្តីរាជការមន្ទីរ
ពាណិជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល ជាច្រើននាក់ទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្ដែងនូវការកោតសរសើរ ចំពោះសមិទ្ធផល និងស្នាដៃក្នុងការបំពេញភារកិច្ចតាមតួនាទីដែលមន្ទីរពាណិជ្ជកម្មខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងខេត្តកណ្តាល សម្រេចបានកន្លងមក ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសសហការទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្តទាំងអស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៏ណែនាំសំខាន់ៗ ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដូចខាងក្រោម៖
– ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលសកម្មភាពរបស់ក្រសួង។
– មន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ខេត្ត យោងតាមការរីកចំរើនរបស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសយើងនាពេលបច្ចុប្បន្ន យើងត្រូវធ្វើការងារឱ្យសកម្មថែមទៀត ដោយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ដែលទាក់ទងនិងក្រសួងពាណិជ្ជកម្ម៖ ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពង្រឹងការអនុវត្តប្រកាសលេខ០៨១ ពណ ចបព ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតប្រកបអាជីកម្ម សេវាកម្ម ពាណិជ្ជកម្ម សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីត្រួតពិនិត្យទំនិញ និងការគ្រេប់គ្រងសកម្មភាពអាជីវកម្ម លោហធាតុត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ និងជាពិសេសប្រកាសអន្តរក្រសួង លេខ២៥៧ ពណ ចបព ប្រក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការប្រើប្រាស់នាមករណ៍សហគ្រាស ក្រុមហ៊ុន នៅលើលិខិតឯកសារ ស្លាកសញ្ញាសម្រាប់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋលើសកម្មភាពអសកម្មរបស់អាជីករ និងជាមុខមាត់របស់ប្រទេសជាតិលើករណីមួយចំនួន ដូចជាការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀត ដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស ។ល។ កុំចាំបាច់តែក្រុមការងារពង្រឹងមន្ទីរចុះមកធ្វើទេ ត្រូវចេះម្ចាស់ការដោយខ្លួនឯង។
– សាខាការពារអ្នកប្រើប្រាស់ខេត្តត្រូវ ធ្វើការត្រួតពិនិត្យដោយអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ឱ្យមានប្រសិទ្ធភាព ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ។
– មន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ខេត្ត ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង
– មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវពិនិត្យ និងតាមដានការប្រកបអាជីវកម្មដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធ និងការប្រើប្រាស់ឈ្មោះ និងស្លាកសញ្ញាស្រដៀងគ្នា នាំអោយមានការយល់ច្រឡំ
– មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្ត លើអនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ដែលថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់ ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម របស់យើងក៍មានមុខងារមួយចំនួនបាន ផ្ទេរទៅឱ្យថ្នាក់ស្រុកសម្រាប់អនុវត្តផងដែរតាមរយៈ អនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង និងអនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ដែលរួមមានមុខងារ៖ ១-ការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្ម ២-ការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទ ៣-ការត្រួតពិនិត្យលើការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាគ្រប់ប្រភេទ និងការស្រង់សន្ទស្សន៍ថ្លៃទំនិញចាំបាច់ប្រចាំជីវភាពប្រចាំថ្ងៃ ៤-ការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋទាក់ទងនិងការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងក៍បានធ្វើប្រតិភូកម្មការគ្រប់គ្រងការចេញ លិខិតអនុញ្ញតរៀបចំពិព័រណ៍កម្ម ដែលមានចំនួនស្តង់ចាប់ពី ៥០ស្តង់ចុះ ឱ្យមកមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្តអនុវត្ត។
– ក្រសួងពាណិជ្ជកម្ម បានកែសម្រួលរចនាសម្ព័ន្ធតាមរយៈអនុក្រឹត្យលេខ៣៨ អនក្រ បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម នេះក៍ជាមុខមាត់ថ្មីមួយទៀត សម្រាប់ការរីកចម្រើនរបស់ក្រសួងពាណិជ្ជកម្ម។
– រៀបចំបែងចែកការងារ និងប្រគល់ភារកិច្ចឱ្យទទួលខុសត្រូវដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទ ឱ្យសមស្របតាមសមត្ថភាពការងារ។
– រៀបចំផែនការសកម្មភាពការងារ ផ្អែកតាមផែនការយុទ្ធសាស្រ្ដរបស់ក្រសួងពាណិជ្ជកម្មក៏ដូចជាផែនការសកម្មភាពរបស់មន្ទីរ ឱ្យបានច្បាស់លាស់។
– ពង្រឹងរបបការងារ បង្កើនការគោរពវិន័យ និងរៀបចំការប្រជុំត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារប្រចាំសប្ដាហ៍ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឱ្យបានទៀងទាត់។
– បង្កើនការទំនាក់ទំនង រវាងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ ធានាឱ្យបាននូវសាមគ្គីភាព ឯកភាព សហការ និងការចូលរួមគ្រប់សកម្មភាព ឱ្យបានល្អ។
– បង្កើនទំនាក់ទំនងជាមួយស្ថាប័នថ្នាក់លើ អង្គភាព មន្ទីរជុំវិញខេត្ត ឱ្យបានល្អ។ ជាពិសេសការទទួលយកនូវការណែនាំ និងដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការដឹកនាំមន្ទីរ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
– ជានិច្ចជាកាល ត្រូវមានផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការប្រកបដោយគុណភាព ក្នុងការចូលរួមសកម្មភាពនានា បម្រើឱ្យសង្គមទាំងមូល។
– ត្រូវខិតខំក្ដាប់ឱ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅឯកឧត្តមអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថានៅក្នុងចក្ខុវិស័យពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់
ផលិតកម្ម និងការធានាគុណភាពនៃផលិតផលឱ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាឱ្យការនាំចេញ។ ក្រសួងពាណិជ្ជកម្ម នឹងដាក់ចេញនូវគោលនយោបាយថ្មីៗ ប្រកបដោយទស្សនទានពាណិជ្ជកម្មល្អៗ និងមុតស្រួច ជាពិសេសការបើកចំហជើងមេឃ លំហូរដោយសេរីនៃទំនិញ សេវាកម្ម វិនិយោគ កម្លាំងពលកម្ម និងមូលធន។