ប្រតិភូមខេត្តសៀមរាបចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋវិលត្រឡប់ពីក្រៅប្រទេសនៅស្រុកស្រីស្នំ


(សៀមរាប)៖ ព្រឹកថ្ងៃចន្ទ៥កើត ខែជេស្ឋ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ប្រតិភូខេត្តសៀមរាបដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៣នាក់ ស្រី ៨នាក់នៅសាលាបឋមសិក្សាច្រនាង ភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនដោយឡែករយៈពេល១៤ ក្នុងការបង្ការការពារជំងឺកូវីដ១៩កុំមានការឆ្លងទៅអ្នកដទៃ និងសហគមន៍។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវតែសម្អាតអនាម័យនិងថែរក្សាសុខភាពរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីស្ថានភាពប្រទេសយើងមានការថមថយនូវជំងឺកូវីដក៏ដោយ យើងត្រូវតែបង្ការការ ទប់ស្កាត់កុំឱ្យរលកទី២កើតឡើងនៅក្នុងប្រទេសយើងទៀត។

ជាមួយគ្នានេះ ប្រតិភូខេត្តក៏បាននាំយកអំណោយជាសម្ភារចំនួន ៤៥កញ្ចប់ រួមមាន ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូលុច្ស សាប៊ូកក់សក់Clear សាប៊ូបោកខោអាវ Lix Lemon កន្ទេល មុង ភួយ ខ្នើយ អាវយឺត ខោខ្លី កន្សែងពោះគោ និងស្បែកជើងផ្ទាត់ទាំង២៣នាក់ផងដែរ៕