លោកជំទាវ អុឹង កន្ថាផាវី បានអនុញ្ញាតឱ្យនាយកប្រតិបត្តិ ក្រុមហ៊ុន បេវេរេដ កម្ពុជា (Cambodia Beverage) ហៅថា កូកា កូឡា កម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម


កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក ដេវីដ វឹងហ្គល់វើត នាយកប្រតិបត្តិ ក្រុមហ៊ុន បេវេរេដ កម្ពុជា (Cambodia Beverage) ហៅថា កូកា កូឡា កម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកិច្ចការនារី ។ លោកនាយកប្រតិបត្តិក្រុមហ៊ុនកូកា កូឡា កម្ពុជា រាយការណ៍យ៉ាងសង្ខេបអំពីលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់បុគ្គលិក និងថ្នាក់ដឹកនាំជាស្រ្តី នៅក្នុងក្រុមហ៊ុន រួមទាំងការគាំទ្រលើការបង្កើតបរិយាកាស នៅកន្លែងការងារ ការអភិវឌ្ឍន៍សមត្ថភាព និងការដាក់កូតា ក្នុងការជ្រើសរើសបុគ្គលិកជាស្រ្តី ។ នៅក្នុងនោះ ក្រុមហ៊ុនក៏បានដាក់គោលដៅ ឱ្យសម្រេចចំនួន ៥០% ជាស្រ្តី ជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន នៅឆ្នាំ២០២៥ខាងមុនេះ ហើយក៏បានស្នើសុំកិច្ចសហការ និងគាំទ្រពីក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូ ដើម្បីសម្រេចគោលដៅនេះ ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះស្នារដៃកន្លងមករបស់ក្រុមហ៊ុន និងការដាក់ចេញនូវគោលដៅ នៅឆ្នាំ២០២៥នេះ លោកជំទាវគាំទ្រចំពោះការស្នើឡើងរបស់តំណាងក្រុមហ៊ុនកូកា កូឡានេះ និងជំរុញឱ្យមានកិច្ចសហការកាន់តែទូលំទូលាយ ក្នុងការគាំទ្រទាំងបុគ្គល ទាំងអ្នកចែកចាយ និងអ្នកទទួលយកផលិតផលរបស់ក្រុមហ៊ុនយកទៅលក់បន្ត ដែលភាគច្រើនជាស្រ្តី ។ ហើយក៏សំណូមពរឱ្យក្រុមហ៊ុនផ្តល់ឱកាសហាត់ការដល់យុវជន ឱ្យបានច្រើន ដើម្បីឱ្យសិស្ស និងនិស្សិត បានដឹងពីឱកាសការងារនានា នៅក្នុងក្រុមហ៊ុន ។ កិច្ចប្រជុំក៏បានឯកភាព ក្នុងការរៀបចំឱ្យមានកិច្ចពិភាក្សាបន្ថែម ក្នុងកម្រិតបច្ចេកទេស និងឈានទៅរៀបចំឱ្យមាន កិច្ចព្រមព្រៀងជាផ្លូវការ ក្នុងពេលខាងមុខនេះ ។