លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៥ នាក់


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៥ នាក់ ( ស្រី ៦៤ នាក់ ) មកពីវិទ្យាល័យ វ៉ារិន ៦២ នាក់ ស្រី ៣៩ នាក់, អនុវិទ្យាល័យរំដួល ២២ នាក់ ស្រី ១៧ នាក់ និងអនុវិទ្យាល័យស្រែណូយ ២១ នាក់ ស្រី ៩ នាក់ ពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យ វ៉ារិន ស្រុកវ៉ារិន ក្រោមអធិបតីភាព ។ មានប្រសាសន៍នាឱកាសនោះលោកជំទាវបានលើកឡើងថា៖ កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត” នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ប្រធានកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ បានឧបត្ថម ថវិការ ចំនួន១,០៥០,០០០រៀល ដល់យុវជនកាកបាទក្រហម ទាំង១០៥នាក់ ដែលទើបនឹងបំពាក់កន្សែងនេះ។