វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយកងសង្គ្រោះបន្ទាន់៧១១ និងអង្គការដៃគូ បន្តបណ្តុះបណ្តាលនិងបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការជំងឺកូវីដ១៩


(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) កងសង្គ្រោះបន្ទាន់៧១១ និងអង្គការដៃគូ បានបែងចែកជាបីក្រុម ចេញដំណើរពីទីស្តីការគណៈរដ្ឋមន្រ្តី ទៅបណ្តុះបណ្តាលនិងបាញ់ថ្នាំសម្លាប់មេរោគបង្ការជំងឺកូវីដ១៩ នៅតាមបណ្តាខេត្តចំនួន១៥ ដែលនៅសេសសល់ពីការបាញ់ថ្នាំសម្លាប់មេរោគដោយក្រុមអ្នកជំនាញការចិនមកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (BSR) នៃប្រទេសចិន នាពេលកន្លងមក។

លោក បណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. និងជាប្រធានដឹកនាំក្រុមការងារបាញ់ថ្នាំនេះ បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជាទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ អង្គការសង្គមស៊ីវិលចិន រួមមាន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) និង អង្គការ BSR បានឧបត្ថម្ភជំនួយជាសម្ភារៈដល់ វ.ស.ស. ហើយជាងនេះទៀត ក្រុមអ្នកជំនាញការអង្គការ BSR បាញ់ថ្នាំសម្លាប់មេរោគលើក្រឡាផ្ទៃទំហំជិត ១,៦លានម៉ែត្រការ៉េ នៅគោលដៅចំនួន៥១ នៅ១០រាជធានី ខេត្ត និងបានបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលអំពីការបង្ការជំងឺកូវីដ១៩ ផងដែរ។ បេសកកម្មនៅថ្ងៃនេះ នឹងបន្តបណ្តុះបណ្តាលនិងបាញ់ថ្នាំសម្លាប់មេរោគនៅ ១៥ខេត្តទៀត ដោយ វ.ស.ស សហការជាមួយកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០។

ក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងសង្គមស៊ីវិល វ.ស.ស. តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការកៀរគរជំនួយពីអង្គការស ង្គមស៊ីវិលជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនិងលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕