សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយធ្វើដំណើរត្រឡប់មកស្រុកវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ទេ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចេញដំណោះស្រាយថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរមកប្រទេសកម្ពុជាវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការនេះនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាម Facebook យ៉ាងដូច្នេះថា «នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅ ប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ»

តែយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវឲ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់ រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕