ឯកឧត្តម ស៊ូ សិរី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីរៀបចំកំណត់បែង ចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ (ព្រៃឡង់) និងតាមបណ្តាតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារ


នាព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែជេស្ឋ ឆ្នាំជូតទោ ស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលខេត្តស្តីទី និងក្រុមការងារថ្នាក់ខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីរៀបចំកំណត់បែង ចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ”ព្រៃឡង់” និងតាមបណ្តាតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ដោយមានការចូលរួមពីអភិបាលស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសមាជិកក្រុមការងារសម្របសម្រួល កំណត់បែង ចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ”ព្រៃឡង់” និងតាមបណ្តាតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារជាច្រើនរូប នៅសាលប្រជុំជាំន់ទី៣ សាលាខេត្តព្រះវិហារ។
មានមតិស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សិរី អភិបាលខេត្តស្តីទី បានលើកឡើងថាខេត្តព្រះវិហារស្ថិត នៅតំបន់ខ្ពង់រាបភូមិភាគខាងជើងសម្បូរព្រៃឈើ ដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ ធនធានរ៉ែ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ តំបន់ខ្ពង់រាបភូមិភាគខាងជើងនេះគ្របដណ្តប់ភាគច្រើនដោយព្រៃល្បោះ និងមានប្រភពទឹកជាច្រើន ដែលមានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ក្នុង ការទ្រទ្រង់ប្រភព ចំណី អាហារដល់ប្រភេទសត្វព្រៃសំខាន់ៗរស់នៅ។ ស្ទឹង សែន និងដៃរបស់វា ដែលហូរកាត់ខេត្តនេះគឺជា ទំនប់ ទឹក ធំ បំ ផុត ដែល ហូរ ចាក់ ទៅ ក្នុង បឹង ទន្លេ សាប ដែល វាជាក្បាលទឹក ក្នុងខេត្ត ព្រះ វិហារ ហើយវាមានសារៈ សំខាន់ ចំពោះ អាកាសធាតុ និង សន្តិសុខ ស្បៀង។ឯកឧត្តមបានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីប្រកាសសមាសភាពក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជិដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីឱ្យក្រុមការងារយល់ច្បាស់ពីការតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងជាពិសេស ពិនិត្យ ពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ការងារកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងការចុះបញ្ជិដីរដ្ឋក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារ ។

ឯកឧត្តម សូ ខឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សរុបមានចំនួន៩កន្លែង និងមានទំហំផ្ទែដីសរុប ប្រមាណជាង ៧៧ម៉ឺនហិកតា ដែលសម្បូរដោយជីវៈចម្រុះគ្រប់ប្រភេទ និងវត្តមានប្រភេទសត្វកម្ររជាច្រើនប្រភេទកំពុងរស់នៅ ពិសេស ដំរីអាស៊ី ខ្ទីង ទាព្រៃស្លាបស ក្រៀល ត្មាត និងត្រយ៉ងយក្សជាដើម។ តំបន់ការពារធម្មជាតិនៅភូមិភាគខាងជើងនេះមិនត្រឹមតែដើរតួនាទីសំខាន់សម្រាប់ប្រភេទសត្វមក្ររ ថែមទាំងជាផ្ទៃ រងទឹកភ្លៀង និងទីជម្រាលដ៏សំខាន់របស់ស្ទឹងសែន និងស្ទឹងស្ទោង។ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង៩កន្លែង មន្ទីរបរិស្ថានដែលជាសេនាធិការរបស់ខេត្តមានមន្រ្តីសរុបចំនួន១៥០នាក់ក្នុងនោះមន្ត្រីឧទ្យានុរក្សមានចំនួន៩៣នាក់ ដោយចែកចេញជា ៤ការិយាល័យ គឺ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេ ការិយាល័យដែនជម្រក សត្វព្រៃ ព្រះរកា-ឆែប ការិយាល័យ ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ និងការិយាល័យ តំបន់បេតិកភណ្ឌធម្មជាតិ។ឯកឧត្តមបានបន្ថែមថាគម្រោងព្រៃឡង់បៃតង បាននឹងកំពុងសហការជាមួយមន្ទីរបរិស្ថាន ដែលបានអនុវត្តសកម្មភាពចំបងៗជាច្រើនក្នុងតំបន់ព្រៃឡង់ និងតំបន់ជុំវិញស្ថិតនៅភូមិសាស្ត្រខេត្តចំនួនបួនគឺ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ធំ មានតំបន់ការពារធម្មជាតិចំនួន១៩ ស្មើនឹងទំហំផ្ទៃដីសរុបប្រមាណជាង ៣,៣លានហិកតា។ គម្រោងនេះមានគោលបំណង ធ្វើអោយប្រសើរឡើងនូវការអភិរក្សជីវចំរុះបង្កើនឱកាសសេដ្ឋកិច្ច និងពង្រឹងអភិបាលកិច្ចនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។
ក្នុងកិច្ចប្រជុំនោះដែរក៏សមាជិកក្រុមការងារនឹងបានស្វែងយល់ពីគោលការណ៍ណែនាំនិងវិធីសាស្រ្តស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិផងដែរ ។