ការងារសាងសង់មណ្ឌលកីឡាហែលទឹកឋិតក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបងសម្រេចបាន ៦៩,៥%ហើយ


ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រី រាជការជុំវិញខេត្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យបាត់ ដំបង។

មណ្ឌលហែលទឹកនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃពុធ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើងតាមស្តង់អន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណពីរលានដុល្លាសហរដ្ឋអាមេរិក គ្រោងចំណាយពេលសាងសង់ប្រមាណ២៤ខែ ហើយគិតរហូត មកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ៦៩,៥ ភាគរយហើយ។

មណ្ឌលហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាង សម្រាប់ប្រកួតទំហំ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ អាងលោតទឹកទំហំ២០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ជម្រៅ៤,៥ម៉ែត្រ អាងហែលកំដៅសាច់ដុំទំហំ១០ម៉ែត្រ គុណនឹង ១៥ ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ ប៉មលោតទឹកកំពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង១០ ម៉ែត្រ អាងទាំង បីនិងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ៤០ម៉ែត្រ គុណនឹង ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ម៉ែត្រ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបីទំហំ ១០ម៉ែត្រ គុណនឹង១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ។

លើសពីនេះទៀត មណ្ឌលហែលទឹកនេះរួមមាន៖ កន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ បន្ទប់ឃ្លាំង បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទឹកកីឡាករកីឡាការីនី បន្ទប់ទឹកសាធារណៈ ទីធ្លាចំណតរថយន្តនិងទោចក្រយានយន្ត អាគារពហុបំណង បន្ទប់ពិសេសសម្រាប់គណៈអធិបតី បន្ទប់បញ្ជាការប្រកួត បន្ទប់ សង្គ្រោះបន្ទាន់ បន្ទប់អាជ្ញាកណ្តាល កន្លែងសម្រាករយៈពេលខ្លីក្នុងពេលប្រកួត បន្ទប់ស្នាក់នៅសម្រាប់ កីឡាករទាំងពីរភេទ បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ។

មណ្ឌលហែលទឹកនេះសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឱ្យកីឡាករ កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាដើម្បីសុខភាព ឬក៏ដូច ជាដើម្បីត្រៀមចូលរួមដណ្តើមយកមេដាយក្នុងការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនៃការប្រកួតនេះ៕