ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន


នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃុំ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទីIII របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៧០០នាក់។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថា នេះជាវេទិកាដែលរាជរដ្ឋាភិបាលចង់ស្តាប់ និងដោះស្រាយនូវ ផលលំបាក បញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបទាំងយប់ ទាំងថ្ងៃ ហើយតែងតែផ្តាំផ្ញើអោយថ្នាក់ដឹកនាំគ្រប់រូប តាមដាន និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់ និងបញ្ចៀសនូវការអសកម្មរបស់មន្រ្តីមូលដ្ឋានដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាខូចខាតផ្លូវថ្នល់ ខ្វះខាតសម្ភារៈប្រើប្រាស់នៅតាមសាលារៀន ខ្វះខាតការតភ្ជាប់បណ្តាញអគ្គិសនី បញ្ហាល្បែងស៊ីសង បញ្ហាតម្លៃជ្រូក និងកសិផល។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមដោះស្រាយពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយចាត់វិធាន និងបន្តតាមដានចំពោះការអនុវត្តសំណើទាំងនេះ។