អភិបាលខេត្តកំពង់ចាម ដាក់ចេញនូវផែនការ៤ ចំនុច ដើម្បីប្រយុទ្ធប្រឆាំងជៀសវាងកុំឲ្យមានរលកទី២ នៃវីរុសកូវីដ-១៩


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ដកពិសោធន៍ លើកការទប់ស្កាត់ នៃការរីករាលដាលវីរុសកូវីដ-១៩ នាព្រឹក ថ្ងៃទី ២៨ ខែឧសភា ២០២០ នៅសាលាខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង/ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្តត្រូវបន្តវិធានការអប់រំដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជៀសវាងកុំឲ្យមានរលកទី២ នៃវីរុសកូវីដ-១៩ មកលើកបងប្អូនប្រជាពលរដ្ឋរបស់យើង និងបន្តចុះធ្វើអត្តសញ្ញាណកម្មបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដែលជាការងារបន្ទាន់ដែលយើងទាំងអស់គ្នាត្រូវអនុវត្ត ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើដល់គ្រប់ថ្នាក់គ្រប់ផ្នែកបន្តការអប់រំដល់បងប្អូនប្រជាពលរដ្ឋយើងលើការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវផែនការធំៗចំនួន៤ចំណុចជូនអង្គប្រជុំដូចខាងក្រោម÷

១. បន្តផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក។

២. បន្តការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឱ្យបានគ្រប់ទីកន្លែងដូចជាតាមទីប្រជុំជននិងតាមរមណីយដ្ឋាននានាទោះបីករណីកូវីដ១៩ បានស្ងាត់យ៉ាងណាក៏ដោយ។

៣.បន្តការគ្រប់គ្រងលើពលករមកពីប្រទេសក្រៅដូចជាប្រទេសកូរ៉េប្រទេសថៃឡាក់និងសូមអាជ្ញាធរជួយតាមដានហើយធ្វើចត្តាលីស័កដល់ពួកគាត់គ្រប់រូប។

៤. បន្តពិនិត្យជីវភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក។